កូនខ្មែរនៅអាមេរិក ត្រៀមខ្លួនឡើងសង្វៀន ONE ម្ដងទៀតនៅខែតុលា

មាស សុផាណារ៉ុង June 25, 2019


 

ភ្នំពេញ៖ បន្ទាប់ពីប្រកួតឈ្នះ៣ប្រកួតជាប់គ្នា នៅសង្វៀន ONE កីឡាការិនីកូនខ្មែរដែលរស់នៅអាមេរិក អែម សុវណ្ណារី នឹងបង្ហាញខ្លួនសារជាថ្មីម្ដងទៀត ពោលគឺក្នុងខែតុលា ចុងឆ្នាំ ខណៈពេលដែលអត្តពលិករូបនេះ ទើបតែបានចុះឈ្មោះជាសមាជិកនៃសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាថ្មីៗនេះ។

សុវណ្ណារី ធ្លាប់មានប្រវត្តិឡើងសង្វៀននេះ ៣លើកទៅហើយ ដោយលើកដំបូងប្រកួតឈ្នះ កីឡាការិនីអាមេរិក Lanikqua Robins នាទឹកទី១ កាលខែធ្នូឆ្នាំ ២០១៦។ លើកទី២ ឈ្នះកីឡាការិនីអាមេរិក Evelyn Nieves នៅទឹកទី១ កាលខែ កុម្ភៈ ឆ្នាំ ២០១៧។ កំណត់ត្រាប្រកួតចុងក្រោយ ឈ្នះកីឡាការិនិអ៊ុយក្រែន Iryna Kyselova នៅសង្វៀន ONE កាលខែ ធ្នូ ឆ្នាំ ២០១៨ នៅ ម៉ាឡេស៊ី។

កីឡាការិនី រូបនេះបានឱ្យដឹងថា៖ «ខ្ញុំមិនទាន់ដឹងគូប្រជែងឡើយ តែខ្ញុំទទួលដំណឹងថាឡើងប្រកួតនាខែ តុលា ខាងមុខ។ យ៉ាងណាក្ដី រាល់ថ្ងៃខ្ញុំហាត់ខ្លាំងណាស់ជាមួយគ្រូរបស់ខ្ញុំ Justen Hamilton ដែលជាគ្រូបង្វឹកបានបង្ហាត់ខ្ញុំតាំងពីបង្ហាញខ្លួនលើកដំបូងកាលចុងឆ្នាំ ២០១៨។ ឥឡូវនេះខ្ញុំរឹតតែខំហ្វឹកហាត់ខ្លាំងជាងមុន ទាំង ជីជិតស៊ូ និង ជំនាញក្បាច់គុន MMA»។

សុវណ្ណារី បន្តថា៖ «ខ្ញុំសូមសរសើរ ONE ដោយស្មោះដែលតែងតែអញ្ជើញកីឡាករ-កីឡាការិនីខ្មែរមកប្រកួត ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងទោះ។ ការចាប់គូមិនត្រឹមតែយកកីឡាករដ៏អស្ចារ្យទេ ប៉ុន្តែក៏នាំកីឡាករដែលមានរឿងល្អៗ និងប្រវត្តិល្អៗមកប្រកួតដែរ។ ONE មិនមែនគ្រាន់តែការប្រកួតលើសង្វៀន ប៉ុន្តែ គេមានក្រុមការងារជាច្រើនធ្វើការដើម្បីសហគមន៍ និង ក្បាច់គុន។ នេះជាអ្វីខ្ញុំពេញចិត្ត ស្ថាប័ន ONE»។

គួរំលឹកផងដែរថា កីឡាការិនី វ័យ២៦ឆ្នាំរូបនេះ ចូលសង្វៀនគុនចម្រុះ ឬ MMA តាំងពីឆ្នាំ ២០១៦ មក បន្ទាប់ពីចាប់ហ្វឹកហាត់ប្រដាល់សកលតាំងឆ្នាំ ២០១២។

ឆ្នាំ ២០១៤ គេចូលហ្វឹកហាត់ក្បាច់គុន ជីជិតស៊ូ ដែលត្រូវគេស្គាល់ថាជាក្បាច់គុនមួយក្នុងជំនាញក្បាច់ទាំងឡាយសម្រាប់ប្រើក្នុងការប្រកួតគុនចម្រុះ។ លើសពីនេះទៅទៀត រូបគេបានចូលហ្វឹកហាត់ចំបាប់ យូដូ និង ប្រដាល់សេរី ដែលអាចនាំឲ្យខ្លួនក្លាយជាកីឡាការិនីលេចធ្លោម្នាក់តំណាងឲ្យកម្ពុជា៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់