TV5 Boxing Knock-Out: ជី ឆៃលី និង ខេម ចាន់ ឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា!

នូ មករា June 24, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serir by K-Cement កាលពីយប់ថ្ងៃទី២២ ខែមិថុនាកន្លងអ្នកប្រដាល់ ជី ឆៃលី មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមប្រដាល់ក្រសួងការពារជាតិ និង ខេម ចាន់ របស់ក្លិបទ័ពឆ័ត្រយោង៩១១សុទ្ធតែបានឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។ ពួកគេពិតជាជើងខ្លាំងមែនក្នុងចំណោមអ្នកប្រដាល់ទាំង៣២រូបដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះមានតែអ្នកប្រដាល់២រូបនេះទេដែលមិនទាន់ស្គាលចាញ់។ ទោះជាយ៉ាងណាក៏អ្នកប្រដាល់ទាំង២រូបនេះត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រដែលក្នុងនោះនឹងមានមួយរូបស្គាល់ចាញ់ ចំណែកឯមួយរូបគឺមិនទាន់ស្គាល់ចាញ់នៅក្នុងព្រឹត្តិការណ៍នេះតែម្ដង។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ខេម ចាន់ បានយកឈ្នះអ្នកប្រដាល់ ឡុង ណងសៅ មកពីក្លិបសាលវ័ន្ដកីឡាដោយពិន្ទុដាច់តែម្ដងពោលគឺក្នុងចំណោមចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យ ខេម ចាន់ ឈ្នះគ្រប់គ្នា។

ចំពោះ ជី ឆៃលី វិញនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះគេបានផ្ដួលអ្នកប្រដាល់ជើងខ្លាំង លី តក់ ក្លិបតាព្រហ្មមានជ័យឲ្យចុះចាញ់នៅទឹកទី២។ នៅទឹកទី១ លី តក់ ត្រូវអាជ្ញាកណ្ដាលរាប់៨មួយលើកបន្ទាប់ពីទទួលរងការវាយប្រហារពី ឆៃ លី នោះ។ មកដល់ទឹកទី២ លី តក់ បានបង្ខំចិត្តលើកទង់ជ័យស ចុះចាញ់តែម្ដងទៅ ។ ដូចនេះ លី តក់ និង ឡុង ណងសៅ ត្រូវប្រកួតគ្នាផ្ដាច់ព្រ័ត្រដណ្ដើមចំណាត់ថ្នាក់លេខ៣ រីឯ ខេម ចាន់ និង ជី ឆៃលី ត្រូវប្រកួតគ្នាដណ្ដើមពានជើងឯកជាបន្តទៀត៕

មតិយោបល់