Boostrong Gold Medal: អ្នកប្រដាល់ខ្មែរ-ថៃ​ ៤រូបកក់កៅអីជុំទី២ ជាបន្តទៀត

នូ មករា June 24, 2019


ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fire លើសង្វៀនអាស៊ីអាគ្នេយ៍កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនាអ្នកប្រដាល់កម្ពុជា ធឿន វិថាត់ មកពីក្លិបអប់រំកាយស្រុកអន្លង់វែងបានខ្ទាតចេញពីការប្រកួតបន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ថៃ ក្វាន់ អេក (Kwan Ek)ដោយពិន្ទុនោះ ។ រូបគេក៏ជាអ្នកប្រដាល់កម្ពុជាដំបូងគេហើយដែលបរាជ័យក្នុងព្រឹត្តិការណ៍នេះ។ ក្នុងចំណោមចៅក្រម៥រូបមានចៅក្រម៣រូបផ្ដល់ពិន្ទុឲ្យ ក្វាន់ អេក ឈ្នះ និងមាន២រូបផ្ដល់ពិន្ទុឲ្យ វិថាត់ ឈ្នះ។ ដូចនេះ ក្វាន់ អេក បានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២ចំពោះ វិថាត់ បញ្ចប់បេសកកម្មត្រឺមនេះ។

ជាមួយគ្នានេះ យ៉ាម ខេមរា របស់ក្លិបរស្មីកុមារកំព្រាបានផ្ដួលអ្នកប្រដាល់ចិន រូន ស៊ីអាហ៊ូ (Ruan Xiaohu)បានមុនស្នូរជួងបញ្ចប់ទឹកទី១។ ក្នុងការប្រកួតនេះ ខេមរា បានវាយប្រហារជើងក្រោមគូប្រកួតនិងប្រើជង្គង់វាយប្រហារតាំងពីដើមទឹកទី១ធ្វើឲ្យអ្នកប្រដាល់ចិនរូបនេះបាត់បង់សមត្ថភាពប្រកួតតែម្ដង។

ជាលទ្ធផល ពេលនេះមានអ្នកប្រដាល់បរទេស៣រូបហើយដែលខ្ទាតចេញពីការប្រកួតគឺអ្នកប្រដាល់ចិន រូន ស៊ីអាហ៊ូ អ្នកប្រដាល់ថៃ ហ្វា មេឆៃ (Fa Mechhai) និងអ្នកប្រដាល់អ៊ីរ៉ង់ម៉ាទីន។ ចំពោះអ្នកប្រដាល់ថៃដែលកក់កៅអីសម្រាប់ជុំទី២គឺ ក្វាន់ អេក នេះឯងជាមួយនឹងអ្នកប្រដាល់កម្ពុជា៣រូបទៀតគឺ ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ កីឡាករ វង្ស វិឆ័យ របស់ក្លិបទ័ពឆ័ត្រយោង៩១១ និងកីឡាករ យ៉ាម ខេមរា នេះឯង៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់