មន្ត្រីបច្ចេកទេសប្រដាល់គុនខ្មែរចំនួន ១១២នាក់ទទួលបានការបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសកម្រិតមធ្យម

នូ មករា June 12, 2019


ភ្នំពេញ៖ សហព័ន្ធប្រដាល់គុនខ្មែរបានបើកវគ្គបណ្ដុះបណ្ដាលក្រមសីលធម៌ សមត្ថភាពបច្ចេកទេសកម្រិតមធ្យមដល់មន្ត្រីរបស់ខ្លួនរយៈពេល២ថ្ងៃគឺពីថ្ងៃទី១២ និង១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ។ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានបញ្ជាក់ថា នេះជាការពង្រឹងបន្ថែមទៀតដល់មន្ត្រីនានាដែលកំពុងបំពេញការងារជាមន្ត្រីបច្ចេកទេស ជាចៅក្រម ជាអាជ្ញាកណ្ដាលនៅតាមស្ថានីយ៍ទូរទស្សន៍នានាដើម្បីរក្សាសុក្រឹតភាព តម្លាភាព យុត្តិធម៌នៅក្នុងការប្រកួត។ សម្រាប់សិក្ខាកាមដែលចូលរួមមានចំនួន ១១២នាក់ ចំណែកអ្នកដែលមិនបានចូលរួមក្នុងវគ្គនេះក៏អាចប្រឈមនឹងការបាត់បង់ការងារនៅតាមស្ថានីយ៍ទូរទស្សន៍ទៀតផង​ព្រោះនេះមិនមែនជាវគ្គបឋមនោះទេប៉ុន្តែជាវគ្គកម្រិតមធ្យមសម្រាប់អ្នកដែលកំពុងតែបំពេញការងារស្រាប់តែម្តង។

លោកឧត្តមសេនីយ៍ និន ភារម្យ ដែលជាអគ្គលេខាធិការរងសហព័ន្ធបានទទួលស្គាល់ថា មន្ត្រីរបស់សហព័ន្ធសព្វថ្ងៃសមត្ថភាពមិនទាន់ពេញលេញ១០០ភាគរយឡើយ ហេតុនេះពួកគេត្រូវតែទទួលការបំប៉នបន្ថែមជាចាំបាច់ហើយវគ្គនេះហាមមិនឲ្យអវត្តមានជាដាច់ខាត។ សូមបញ្ជាក់ថា វាគ្មិនដែលឧទ្ទេសនាមក្នុងវគ្គនេះមានលោកព្រឹទ្ធាចារ្យ ឈិត សារឹម លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោក ហេង សុឃន អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោកឧត្តមសេនីយ៍ និន ភារម្យ ដែលជាអគ្គលេខាធិការរងសហព័ន្ធប្រដាល់គុនខ្មែរ។

សូមរំលឹកថាកាលពីថ្ងៃទី១ និងទី២ ខែមិថុនាកន្លងមកសហព័ន្ធប្រដាល់គុនខ្មែរក៏បានបើកវគ្គបែបនេះមួយវគ្គរួចហើយនៅខេត្តបាត់ដំបងដែលវគ្គនោះសម្រាប់មន្ត្រីបច្ចេកទេសដែលបម្រើការនៅសង្វៀនស្រុកឯកភ្នំខេត្តបាត់ដំបងដែលមានសិក្ខាកាមចូលរួមជាង៣០នាក់៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់