ថៃ រិទ្ធី បង្ហាញក្ដីរំភើបពេលមានសិស្សចង់ចូលហាត់ក្បាច់គុនចម្រុះជាមួយខ្លួន

មាស សុផាណារ៉ុង June 8, 2019


 

សៀមរាប៖ ម្ចាស់ខ្សែក្រវាត់ក្នុងកម្មវិធី Khmer Warriors Challenges រដូវកាលទី៣ របស់ MyTV និងជាម្ចាស់មេដាយមាសជើងឯកការប្រកួតល្បុក្កតោថ្នាក់ជាតិ ឆ្នាំ២០១៥ ថៃ រិទ្ធី បានបង្ហាញក្ដីរំភើបជាខ្លាំង ក្រោយមានអ្នកសុំខ្លួនធ្វើជាគ្រូបង្វឹក ដើម្បីបានហាត់វិជ្ជាគុណជាមួយយ៉ាងច្រើន។

អ្នកប្រដាក់ក្បាច់គុនចម្រុះ ថៃ រិទ្ធី ក្រោយបង្ហាញវត្តមាននៅលើសង្វៀន និងចាប់ផ្ដើមល្បីខ្លាំងតាំងពីឆ្នាំ២០១៣ ធ្លាប់ឡើងសង្វៀនគុនខ្មែរចំនួន ៣៧ដង ក្នុងនោះឈ្នះ ៣០ដង។ ធ្លាប់ប្រកួតនៅសង្វៀន ONE Championship បានចំនួន ២ដង ពោលឈ្នះ ១ដង និងចាញ់ ១ដង ដោយក្នុងនោះ ប្រកួតឈ្នះ Jerome S.Paye ដោយវ៉ៃឲ្យចុះចាញ់ត្រឹមទឹកទី២ នាខែ កញ្ញា ឆ្នាំ ២០១៧ និងកីឡាករចិន Zhao Zhi Kang ក្នុងការប្រកួតលើកទី២នៅ វិច្ឆិកា ឆ្នាំ២០១៨ នាប្រទេសហ្វីលីពីន។

ថៃ រិទ្ធី បានឱ្យដឹងថា៖ «ខ្ញុំសប្បាយចិត្តណាស់នៅពេលមានកូនសិស្សជាច្រើនចង់ហាត់ជាមួយខ្លួន ដោយពួកគេមើលឃើញពីការធ្លាប់ឡើងសង្វៀនកម្រិតពិភពលោក ONE Championship ធ្លាប់ឈ្នះជើងឯកផ្នែកគុនចម្រុះ និងឈ្នះមេដាយមាសពីការប្រកួតជើងឯកថ្នាក់ជាតិកីឡាល្បុក្កតោ»។

កីឡាកររូបនេះបន្តថា៖ «មានកូនសិស្សបរទេសជាច្រើនមានការពេញចិត្តពេញថ្លើម និងចង់ហាត់ជាមួយខ្ញុំ ជាហូរហែព្រោះតែកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅលើសង្វៀនកម្រិតអន្តរជាតិកន្លងមក រួមទាំងការប្រកួតថ្នាក់ជាតិជាច្រើនផងដែរ។ មុននឹងខ្ញុំឈានដល់ក្នុងថ្នាក់ជាគ្រូបង្វឹកនេះ ខ្ញុំបានធ្វើតាមគោលការណ៍៣សំខាន់ៗ ដែលខ្ញុំមិនអាចបំភ្លេចបានដូចជា ក្នុងនាមជាកីឡាករ យើងត្រូវស្ដាប់តាមគ្រូ ទី១ ហ្វឹកហាត់ឲ្យខ្លាំងជាប្រចាំ មិនមែនហាត់ឈប់ហាត់ឈប់នោះទេ ទី២ ព្យាមគេងឲ្យបានគ្រប់គ្រាន់ និងញុំាគ្រប់គ្រាន់ និងទី៣ កុំសេពអំពើអបាយមុខដែលសង្គមស្អប់ កុំសេពគ្រឿងស្រវឹង ជាពិសេសត្រូវដើរឲ្យឆ្ងាយពីគ្រឿងញៀន។ ខ្ញុំដឹងថា អ្នកខ្លះខ្លួនជាកីឡាករតែបែរទៅដើរសាកជក់គ្រឿងញៀនជាមួយមិត្តភ័ក្ដិទៅវិញ។ វាជាអំពើខុសឆ្គង។ ទាំងនេះត្រូវចៀសឲ្យឆ្ងាយ»។

«ការចាប់អាជីពជាគ្រូបង្ហាត់សិស្សនេះ ដោយសារតែវាអាចរកកម្រៃបានគួរសមអាចរស់បាននៅសៀមរាប។ ពេលយើងហាត់ឲ្យល្អច្បាស់លាស់កាលនៅជាកីឡាករ គឺមិនអត់ប្រយោជន៍ទេ។ ដូចខ្ញុំអីចឹង បរទេសគេស្គាល់ខ្ញុំ វ៉ៃនៅ ONE ធ្លាប់ឡើងសង្វៀនអន្តរជាតិ គេឃើញមេដាយខ្ញុំ គេចង់ហាត់ជាមួយខ្ញុំណាស់ ហើយខ្ញុំក៏បានថ្លៃឈ្នួលច្រើនតាមហ្នឹងដែរ។ អីចឹងបានថា ការប្រឹងប្រែងរបស់ខ្ញុំពីមុនមិនអត់ប្រយោជន៍ទេ។ ខ្ញុំសូមឲ្យកីឡាករគ្រប់រូបខំប្រឹង មិនថាគុនខ្មែរ ឬ គុនចម្រុះទេ»។ រិទ្ធី បានបន្ថែម។

គួបញ្ជាក់ផងដែរថា ថៃ រិទ្ធី បង្ហាត់គុនខ្មែរនៅក្លិបប្រដាល់ «MrLy Gym and Boxing» នៅទឹកដីខេត្តខេត្តសៀមរាប ដោយទទួលបានប្រាក់កម្រៃគួរសមដែលអាចទ្រទ្រង់ជីវិតចាយវាយប្រចាំថ្ងៃបាន៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់