ឡុង សុភី៖ បើមានឱកាសខ្ញុំចង់ឡើងអង្រួនសង្វៀន ONE CHAMPIONSHIP ម្ដងទៀត!

នូ មករា June 4, 2019


ភ្នំពេញ៖ បន្ទាប់ពីប្រកួតចាញ់សង្វៀនលើ ONE: CHAMPIONS AND WORRORS នៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីកាលខែកញ្ញា ឆ្នាំ២០១៣ដែលកន្លងទៅជាង៦ឆ្នាំមកនេះ អ្នកប្រដាល់ឆ្នើមរបស់កម្ពុជាមានបំណងចង់ឡើងសង្វៀននេះម្ដងទៀតដើម្បីស្ដារកេរ្តិ៍ឈ្មោះ ឡើងវិញជូនជាតិកម្ពុជា។​​ ក្នុងរយៈពេល ១៥ ឆ្នាំមកនេះ ឡុង សុភី ឡើងប្រកួតមិនតិចពីចន្លោះពី ៥០០ ទៅ ៦០០ ដងទេក្នុងកម្មវិធីប្រដាល់ផ្នែកប្រភេទកីឡាគុនខ្មែរ បើគិតទាំងការប្រកួតតាមតំបន់ក្នុងកម្មវិធីផ្សេងៗ និងតាមខេត្តរួមទាំងការឡើងសង្វៀនតាមទូរទស្សន៍ផងនោះ។


ជាពិសេសក្នុងអាជីពជាអ្នកប្រដាល់ កីឡាករមកពីខេត្តបាត់ដំបងរូបនេះក៏ធ្លាប់ឈ្នះខ្សែក្រវាត់ស្រាសាច់ដុំ, Gold Region, ឈ្នះប្រាក់រង្វាន់ពីធនាគារ, K-Cement និងឈ្នះមេដាយមាសជាច្រើនក្នុងការប្រកួតថ្នាក់ជាតិ។​ អ្នកប្រដាល់ដែលមានវ័យ ៣១ឆ្នាំរូបនេះបានឱ្យដឹងថា៖ «បើមានឱកាស ខ្ញុំចង់ទៅប្រកួតនៅសង្វៀន ONE ជាថ្មីម្ដងទៀត ព្រោះឥឡូវនេះគេមានគូប្រកួត Kickboxing ដែលត្រូវជំនាញរបស់ខ្ញុំ។ ពេលខ្ញុំប្រកួតលើកមុន ខ្ញុំទៅវ៉ៃក្នុងការប្រកួតគុនចម្រុះ ហើយខ្ញុំហាត់ក្បាច់ឃ្លេ គាប និងចាប់ បានរយៈពេលខ្លីត្រឹម ២សប្ដាហ៍ប៉ុណ្ណោះ។ ការប្រកួត Kickboxing គឺល្អជាងគុនចម្រុះ ព្រោះជាក្បាច់បាតយើងហាត់តាំងពីដើមមក។ ត្បិតខ្ញុំពូកែខាងប្រើកែង តែ Kickboxing គេបិទកែង។ វាមិនជាបញ្ហាទេ ខ្ញុំគោរពតាមកម្មវិធីប្រកួត និង គោរពគោលការណ៍របស់គេ»

កីឡាកររូបនេះបន្តថា៖ «ខ្ញុំបានមើលការរៀបចំរបស់ ONE អស្ចារ្យណាស់ និងការស្វាគមន៍មុនឡើងរេញដ៏រំភើប ហើយកាលនោះមានតែខ្ញុំទេដែលប្រកួតដំបូងគេក្នុងនាមកីឡាករកម្ពុជា។ ប៉ុន្តែគ្រានោះខ្ញុំអត់មានទំនុកចិត្តក្នុងការប្រើក្បាច់ដែលយើងធ្លាប់វ៉ៃគុនខ្មែរទល់នឹងកីឡាករឥណ្ឌូណេស៊ី Max Metino សោះ។ ខ្ញុំប្រើជំហរ MMA ដែលគេចាប់ខ្ញុំឃ្លេបានហើយអាជ្ញាកណ្ដាលរាប់បញ្ឈប់ខ្ញុំតែម្ដង ទាំងខ្ញុំមិនទាន់បានគោះដៃចុះចាញ់សោះ។ ពេលនោះខ្ញុំក៏ អត់សូវយល់ដែរនៅគាត់បញ្ឈប់ត្រឹមទឹកទី២»
អត្ថបទ​: ប៉ាវឡុង ជីង

មតិយោបល់