វី ស្រីខួច ត្អូញត្អែរអត់ដៃគូប្រកួតប្រដាល់សកល ក្នុងស្រុកដើម្បីត្រៀមស៊ីហ្គេម

មាស សុផាណារ៉ុង June 3, 2019


 

ភ្នំពេញ៖ ក្រោយពីចូលប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិប្រដាល់សកល ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) នៅប្រទេសហ្វីលីពីន ក្នុងឋានៈតំណាងឱ្យជាតិកម្ពុជានោះ អ្នកជំនាញទាំងប្រដាល់សកល គុនខ្មែរ និងក្បាច់គុនចម្រុះ កីឡាការិនី វី ស្រីខួច បានរៀបរាប់ពីបញ្ហាប្រឈមជាច្រើននៅក្នុងស្រុក ដោយគ្មានដៃគូសូម្បីតែម្នាក់ មកសមប្រកួតឡើយ។

ការប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិ ជាង៤ខែ មកនេះ ស្រីខួច បានជួបផលវិបាកជាច្រើនក្នុងការស្វែងរកដៃគូប្រកួតមកសមនៅលើសង្វៀនដើម្បីវាស់ស្ទង់សមត្ថភាព មុនចេញទៅប្រកួតកម្រិតតំបន់អាស៊ានមួយនេះ។

វីស្រីខួច បានឱ្យដឹងថា៖ «បញ្ហាប្រឈមរបស់ខ្ញុំគឺស្ទើរអត់បានឡើងរេញប្រកួតទាល់តែសោះ។ ពេលហ្វឹកហាត់រាល់ថ្ងៃនេះ ខ្ញុំហាត់តែជាមួយកីឡាករប្រុសៗ ប៉ុណ្ណោះ។ ដល់អីចឹង យើងមិនដឹងថាសមត្ថភាពយើងកម្រិតណាទេ។ បើមានគូវ៉ៃទៅទើបយើងអាចស៊ាំនឹងស្ថានភាព។ ពេលហ្វឹកហាត់ជម្រើសជាតិហ្នឹង ខ្ញុំវ៉ៃបានម្ដងគត់ពេលជម្រុះប្រដាល់សកលនៅទ្វីបអាស៊ី នាក្រុងបាងកប្រទេសថៃកាលចុងខែកុម្ភៈ កន្លងទៅ។ មួយទៀត យើងហាត់ត្រៀមវ៉ៃសកល ប៉ុន្តែបើមានសង្វៀនគេចាប់គូឲ្យវ៉ៃ ក៏វ៉ៃប្រដាល់សេរីដែរភាគច្រើន ព្រោះអត់សូវមានគូកីឡាការិនីលើសង្វៀននីមួយៗ»។

ទោះបីយ៉ាងណាក៍ដោយ កីឡាការិនីវ័យ២៤ឆ្នាំរូបនេះ នៅតែប្រឹងប្រែងខិតខំហ្វឹកហាត់ មិនអស់ង្ឃឹមឡើយ ដោយសង្ឃឹមច្រើនក្នុងការដណ្ដើមយកមេដាយ ក្នុងវិញ្ញាសារ៦០ គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅចុងឆ្នាំនេះ។

ស្រីខួច បានរំលឹកថា៖ «កាលពីលើកទី១ ពេលវ៉ៃនៅស៊ីហ្គេម ពេលខ្លះប៊ិះច្រលំៗវ៉ៃសេរី រួមទាំងការភ័យតិចៗខ្លះផង។ ប៉ុន្តែពេលនេះខ្ញុំអាចគ្រប់គ្រងអារម្មណ៍បានល្អមិនចាញ់ច្រាបដូចមុនទេ។ អ្វីដែលផ្លាស់ប្ដូរនោះខ្ញុំវ៉ៃគីឡូ៦០ ដែលខុសពី ២ឆ្នាំមុនវ៉ៃ គីឡូ៥៧។ ក្នុងវិញ្ញាសា ៦០គីឡូក្រាម ខ្ញុំគិតថាអាចល្អជាងមុនព្រោះអត់សូវមានអ្នកលេងគីឡូនេះច្រើនទេ។ បើគីឡូ៥៧ មានគេលេងច្រើន ហើយសម្បូរកីឡាការិនីល្អៗទៀតផង។ ខ្ញុំរំពឹងបានលទ្ធផលល្អពីការប្រកួតទម្ងន់ ៦០គីឡូក្រាម នៅស៊ីហ្គេមចុងឆ្នាំនេះ»។

គួបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ដោយរៀបចំនៅប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា រហូតដល់ ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់