ប្រដាល់គុនខ្មែរ នឹងបើកវគ្គពង្រឹងក្រមសីលធម៌ដល់មន្ត្រីរបស់ខ្លួននៅខេត្តបាត់ដំបង និងភ្នំពេញ

មាស សុផាណារ៉ុង May 24, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសជាផ្លូវការបើកវគ្គបណ្តុះបណ្តោលបច្ចេកទេស និងក្រមសីលធម៌ ដល់មន្ត្រីបច្ចេកទេស គណៈកម្មការ អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីជំនាញទាំងអស់របស់ខ្លួននៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។

ការបើកវគ្គលើកនេះ គឺមិនកំណត់ពីចំនួនអ្នកចូលរួមឡើយ ប៉ុន្តែមន្ត្រីបច្ចេកទេសដែលកំពុងបម្រើការងារនៅសង្វៀន ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងសង្វៀនតាមស្ថានីយ៍ទូរទស្សន៍នានា នៅរាជធានីភ្នំពេញ ត្រូវតែចូលរួមវគ្គនេះដាច់ខាត។ សម្រាប់អ្នកដែលមិនបានចូលរួមអាចនឹងប្រឈមបាត់បង់ការងារជាមន្ត្រីបច្ចេកទេសរបស់ខ្លួនដែលកំពុងបំពេញសព្វថ្ងៃនេះ។

សូមបញ្ជាក់ថាមួយរយៈនេះសហព័ន្ធប្រដាល់គុនខ្មែរ ត្រូវរងនូវពាក្យរិះគន់ច្រើនពីទស្សនិកជនពីការបំពេញការងារមិនប្រក្រតី ពិសេសលើការផ្ដល់ពិន្ទុ និងការបំពេញការងារជាអាជ្ញាកណ្ដាល។

សម្រាប់អ្នកដែលបម្រើការងារនៅសង្វៀន ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវរៀនរយៈពេល២ថ្ងៃ គឺថ្ងៃទី០១ និងថ្ងៃទី០២ មិថុនា។ ចំពោះអ្នកបម្រើការងារនៅសង្វៀននានានៅរាជធានីភ្នំពេញ រៀនរយៈពេល២ថ្ងៃដូចគ្នាផងដែរ គឺថ្ងៃទី០៥ និងទី០៦ ខែមិថុនា។

លោកឧត្តមសេនីយ៍ រាជ សុផែន ដែលជាមន្ត្រីទទួលបន្ទុកក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធប្រដាល់គុនខ្មែរ បានព្រមានថាអ្នកដែលគេចវេសមិនចូលរួមក្នុងវគ្គនេះអាចប្រឈមមុខនឹងការដកចេញពីការងារនៅពេលដែលបន្តធ្វើខុស ក្នុងរឿងដដែលៗនោះ។ នៅពេលបញ្ចប់វគ្គនេះសហព័ន្ធមានចេញវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូន ហើយសូមបញ្ជាក់ថាបើមន្ត្រីណាដែលមិនបានមកសិក្សាទេសហព័ន្ធមិនទទួលខុសត្រូវក្នុងការបម្រើការងារជាមន្រ្តីរបស់សហព័ន្ធឡើយ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់