ធី តុងហ៊ី ទៅត្រាំពិសនៅថៃ ត្រៀមដណ្ដើមខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ក្នុងស្រុកខ្មែរ

មាស សុផាណារ៉ុង May 24, 2019


 

ភ្នំពេញ៖ កីឡាករប្រដាល់ ធី តុងហ៊ី បានចេញទៅហ្វឹកហាត់នៅប្រទេសថៃ ដើម្បីត្រៀមដណ្ដើមខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ក្នុងស្រុកខ្មែរ។ ការចេញទៅហ្វឹកហាត់ដើម្បីត្រៀមខ្លួនប្រកួតដណ្ដើមខ្សែក្រវ៉ាត់ ទម្ងន់ធ្ងន់មួយនៅក្នុងស្រុកក្នុងខេត្តមិថុនា ខែក្រោយនោះ មិនមែនជាការចេញទៅដោយចិត្តឯងផ្ទាល់នោះទេ គឺដោយសារតែមានមតិរិៈគុណយ៉ាងខ្លាំងពីសំណាក់មហាជនខ្មែរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ( Facebook ) យ៉ាងច្រើនទៅលើកីឡាកររូបនេះ ក្រោយប្រកួតធ្លាក់បច្ចេកទេសជាបន្តបន្ទាប់។

ការរិៈគុណរបស់មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុ នេះ បានជម្រុញចិត្តអោយ ធី តុងហ៊ី ចេញទៅប្រកួតសម និងហ្វឹកហាត់ ខេត្តឈុនបុរី ក្រុងប៉ាតាយ៉ា ប្រទេសថៃ ដើម្បីស្វែករកច្ចេកទេសថ្មីៗ និង បន្ថែមកម្លាំងឲ្យខ្លាំង មកបង្ហាញជនរួមជាតិខ្មែរ ថាខ្លួននៅតែខ្លាំង មិនខ្សោយដូចពីមុននោះទេ។ ខណៈដែលការចេញទៅហ្វឹកហាត់នេះ គឺទទួលបានការឧបត្តម្ភពីសំណាក់លោក ថៃ អ៊ូ ប្រធានសមាគមកីឡាប្រដាល់គុនខ្មែរ ខេត្តបន្ទាយមានជ័យ ទាំងស្រុង។

តុងហ៊ី និយាយថា៖ «បច្ចុប្បន្នទម្ងន់ពិតរបស់ខ្ញុំ ៧២គីឡូក្រាម គឺលំបាកស្វែងរកចាប់គូប្រកួតណាស់នៅស្រុកខ្មែរ ហើយសូម្បីតែផ្លាស់ប្តូរក្លិបអស់២ ហើយនៅតែចាប់គូប្រកួតមិនបានដែរ ព្រោះតាមសង្វៀនមួយចំនួនរើសអើងចំពោះខ្ញុំ បើទោះបីជាខ្ញុំធ្លាប់បានលេខ២ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ Ganzberg នៅសង្វៀនខេត្តសៀមរាបរបស់ CTN ក៏ដោយ។ ពេលនេះខ្ញុំសម្រេចចិត្តមកហ្វឹកហាត់នៅស្រុកថៃ សុំឡើងប្រកួតជាមួយកីឡាករបរទេសមានថៃ និងប្រេស៊ីលមួយរយៈសិន ដើម្បីមានបទពិសោធល្អ ហើយវិលទៅប្រកួតដណ្តើមយកខ្សែក្រវាត់នៅស្រុកខ្មែរយើងវិញឲ្យបាន ព្រោះកន្លងមកមានក្រុមលេងហ្វេសប៊ុកបានរិះគន់ និងជេរខ្ញុំ។ ហេតុនេះក្នុងពេលហាត់ និងប្រកួតក្នុងប្រទេសថៃ ខ្ញុំមិនសំដៅលុយតម្លៃខ្លួនទេគឺឲ្យតែបានត្រឹមហូបចុក ស្នាក់នៅ និងបានហ្វឹកហាត់លក្ខណៈស្តង់ដាឡើងប្រកួតបានគិតថាល្អពេញចិត្តណាស់ហើយ»។

គួបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១០ឆ្នាំនេះ តុងហី ប្រកួតបាន ១៨០ដង ឈ្នះ១៥២ ចាញ់២៨ដង ក្នុងនោះធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បាន ៥០ដង ហើយគោលបំណងធំរបស់គេគឺហាត់ឲ្យបានល្អ ដើម្បីចង់វ៉ៃជាមួយកីឡាករ វង្ស ណយ បានម្តង ហើយបើចាញ់មិនយកតម្លៃខ្លួនទេ។ ប៉ុន្តែ តុងហ៊ី បានស្នើសុំបងប្អូនរួមជាតិមេត្តាសូមកុំសើចចំអកជេរប្រទេចអី ទោះបីការប្រកួតចាញ់ព្រោះគ្រាន់ដើម្បីដកស្រង់បច្ចេកទេស និងបទពិសោធប្រកួតជាមួយកីឡាករបរទេសហេតុនេះបើមិនគាំទ្រ សូមកុំយកជើងរាទឹក៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់