សរ សី បង្កើតក្លឹបប្រដាលតូចមួយ ព្រោះចង់ឃើញកីឡាករខ្លាំងៗចេញពីស្រុករបស់ខ្លួនច្រើននាពេលអនាគត

មាស សុផាណារ៉ុង May 23, 2019


 

ភ្នំពេញ៖ ខ្លាចាស់ស្បែកស្វិត សរ សី ក្រោយពីបាត់មុខពីសង្វៀនគុនខ្មែរ និងគុនចម្រុះ MMA អស់ជាច្រើនឆ្នាំក្រោយពីប្រកួតនៅក្រៅប្រទេសក្នុងសង្វៀន ONE CHAMPIONS ដោយទទួលបានលទ្ធផលជាទីគាំចិត្ត គឺប្រកួតឈ្នះកីឡាករចិន ដោយពិន្ទុនៅក្នុងប្រទេសហ្វីលីពីន អ្នកប្រដាល់រូបនេះ ក៏បានលិចមុខមកម្ដងទៀត ក្នុងអាជីពជាគ្រូបង្វឹក នៅក្នុងក្លិបតូចមួយរបស់ខ្លួន ក្នុងភូមិ ស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល នៅក្នុងឆ្នាំ២០១៩។

សរ សី បានឱ្យដឹងថា៖ «ខ្ញុំបើកក្លឹបនេះឡើង ដោយសារចង់ឃើញកីឡាករល្អៗចេញពីភូមិឃុំរបស់ខ្ញុំ ហើយខ្ញុំរីករាយពេលពួកទទួលបានតម្លៃខ្លួនច្រើនទៅថ្ងៃអនាគតព្រោះឥឡូវនេះប្រដាល់មានទីផ្សារ ហើយមិនដូចខ្ញុំកាលពីជំនាន់ខ្ញុំទេដែលពិបាករកទីផ្សារណាស់»។

លោកបន្តថា៖ «ម្យ៉ាងទៀតចង់រកប្រាក់ឲ្យកូនខ្ញុំរៀនផង និងហាត់ក្បាច់គុនប្រដាល់ផង។ កូនខ្ញុំឈ្មោះ សី កុសល ជាកូនទី២ អាយុ ១១ឆ្នាំ រៀនថ្នាក់ទី៣។ ខ្ញុំបង្ហាត់កូនខ្ញុំ ប្រហែលជា ៥ខែមកហើយ។ គេឆាប់ចេះ ឆាប់ចាំ ការវ៉ៃល្អ ប៉ុន្តែមិនទាន់ចេះប្រើទម្ងន់ដៃ ដៃគេនៅស្រាល តែវ៉ៃចេញបានលឿន។ ប្រហែលមួយ ឬ ពីរឆ្នាំទៀត បើរឹតតែល្អខ្ញុំនឹងស្វែងរកសង្វៀនឲ្យកូនខ្ញុំប្រកួត។ នេះជាឱកាសមួយដែលខ្ញុំបង្ហាត់កូនខ្ញុំ ព្រោះពីមុនតម្លៃខ្លួនតិចណាស់ មិនដូចឥឡូវទេឡើងរេញបានថ្លៃ ហើយបើយើងខ្លាំង នោះតម្លៃខ្លួននឹងឡើងតាមហ្នឹងដែរ»។

លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំមានបាវសាក់មួយខ្ញុំទិញខ្លួនឯង ហើយសម្ភារមួយចំនួនបានពីលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ នៃក្លិប Cambodian Top Team ផ្ដល់ឲ្យ ដូចជា ស៊ីប១គូ ហ្គង់សម្រាប់ក្មេងៗ ២គូ បង់រុំដៃ៣គូ ឧបករណ៍ពាក់ស្នងជើង២គូ និងកម្រាលហ្វឹកហាត់ជាដើម។ ប៉ុន្តែនៅខ្វះសម្ភារហាត់ជាច្រើនទៀតដូចជា សម្ភារសម្រាប់ធាក់ក្បាលពោះ និង ស៊ីបជាដើម។ យ៉ាងណាក្ដី យើងមានប៉ុណ្ណា គឺ ហាត់ប៉ុណ្ណឹងសិន ពេលណាខ្ញុំអាចលៃទិញបាន ខ្ញុំនឹងទិញបន្តបន្ទាប់ទៀត»។

ដ្បិតជួបការលំបាកខ្លះៗលើការហ្វឹកហាត់ដោយសារតែខ្វះសម្ភារ ប៉ុន្តែលោកនៅតែក្រាញននាលក្នុងនាមជាគ្រូបង្វឹកដើម្បីលើកមុខមាត់នៅសហគមន៍របស់ខ្លួន និងចង់ទទួលបានធនធានល្បីឈ្មោះកើតចេញពីស្រុកមុខកំពូលនៃទឹកដីខេត្តកណ្ដាល។

គួបញ្ជាក់ផងដែរថា សរ សី បានចាប់អាជីពជាអ្នកប្រដាល់គុនខ្មែរតាំងពីថ្នាក់ទី៥ ប៉ុន្តែគេបានឡើងប្រកួតនៅសង្វៀនគុនចម្រុះចំនួន៨ ដងក្នុងនោះ ឈ្នះ ៤ដង និងចាញ់ ចំនួន ៣ដង គិតចាប់តាំងឆ្នាំ ២០១៦ មក។ បុរសកូន៤រូបនេះចាប់ផ្ដើមហ្វឹកហាត់ប្រដាល់ជាមួយគ្រូ ណុល នៅស្រុកមុខកំពូល, លោកគ្រូ សឹង សារិទ្ធ នៅក្លិបទ័ពជើងទឹក, គ្រូ អេ ភូថង នៅក្លិបអេភូថង និងគ្រូ ឈិត សារឹម នៅក្លិបក្រសួងការពារជាតិ មុនប្រកួតក្បាច់គុនចម្រុះនៅឆ្នាំ ២០១៦ ជាមួយគ្រូហ៊ុន ច័ន្ទរាជ្យ និងគ្រូបង្វឹកសញ្ជាតិអាមេរិក Fernando៕

 

អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់