ស្ងាត់ៗកូនខ្មែរ-អាមេរិកឈ្នះខ្សែក្រវាត់ WBA ក្រោយ ផ្ដួលជើងខ្លាំងឥណ្ឌូនេស៊ី ត្រឹមទឹកទី១

មាស សុផាណារ៉ុង May 21, 2019


 

វៀតណាម៖ កាលពីព្រឹកមិញនេះ មានការភ្ញាក់ផ្អើលមួយបានកើតនៅក្នុងប្រទេសកម្ពុជា ដោយលិចលឺដំណឹងដ៏ល្អមួយ ដែលអ្នកប្រដាល់សកលខ្មែរ_អាមេរិក ម្នាក់ឈ្មោះ អេរីក ប៉ែនភារុន បានផ្ដួលជើងខ្លាំងរបស់ប្រទេសឥណ្ឌូនេស៊ី ឲ្យសន្លប់ត្រឹមទឹកទី១ ដើម្បីឈ្នះខ្សែក្រវាត់ WBA Asia នៅទីក្រុងហូជីមិញ កាលពីថ្ងៃសៅកន្លងទៅថ្មីៗនេះ។

នេះគឺជាដំណឹងគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រកម្ពុជា ដែលស្ងាត់ៗស្រាប់តែមានកីឡាករប្រដាល់សកលជើងខ្លាំងកម្ពុជាមួយរូប បង្ហាញភាពអស្ចារ្យលើសង្វៀនអន្ដរជាតិ ពិសេសសង្វៀនរបស់ស្ថាប័ន WBA Asia South ក្នុងនាមកីឡាករកម្ពុជា ដែលធ្វើឲ្យអន្ដរជាតិ ស្គាល់កម្ពុជាកាន់តែច្បាស់ ហើយក៏កោតសរសើរ ចំពោះសមត្ថភាពរបស់ អេរីក ប៉ែន ផងដែរ ដ្បិតនេះទើបជាលើកទី៣ ដែលរូបគេបានចូលរួមប្រកួតលើសង្វៀនដូច្នេះ។

សូមបញ្ជាក់ថា អេរីក ប៉ែន មានឪពុកម្តាយជាខ្មែរសុទ្ធ ដែលជាអ្នកខេត្តកំពត ប៉ុន្ដែរូបគេបានចាប់កំណើត និងធំដឹងក្ដី នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក។

អេរីក ប៉ែន បានចាប់ផ្ដើមហ្វឹកហាត់ប្រដាល់សកលដំបូង កាលពីឆ្នាំ២០១៤ បន្ទាប់មកទើបវិវត្តន៍ខ្លួនបន្ដិចម្ដងៗ រហូតក្លាយជាកីឡាករអាជីព កាលពីឆ្នាំ២០១៨។ មកទល់ពេលនេះ គេបានឡើងសង្វៀនប្រកួតលក្ខណៈអាជីព ៣ដង ហើយសុទ្ធតែផ្ដួលគូប្រកួតឲ្យសន្លប់ទាំងអស់៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់