ព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ខារ៉ាបាវរជ្ជកាលទី៩ នឹងចេញដំណើរចុងសប្តាហ៍នេះហើយ!

នូ មករា May 9, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រដូវកាលទី៩នឹងចាប់ផ្ដើមប្រកួតហើយនៅថ្ងៃទី១១ ខែឧសភាខាងមុខនេះដោយនៅថ្ងៃបើកឆាកដំបូងអ្នកប្រដាល់កម្ពុជា វៀក ប៊ុនឌឿន មកពីសមាគមប្រដាល់ក្រសួងការពារជាតិត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ ខាន់ ថេប (Khan Thep) ។ សូមបញ្ជាក់ថា ប៊ុនឌឿន ប្រសិនបើគេបានចូលក្លិបហ្វឹកហាត់គ្រប់គ្រាន់នោះអ្នកប្រដាល់រូបនេះមានផ្លែវ៉ៃល្អណាស់ ទាំងចិត្តក៏ធំ ស្នៀតកណ្ដាប់ល្អរហ័ស ជង្គង់ និងកែងល្អមិនតែប៉ុណ្ណោះអ្នកប្រដាល់រូបនេះការពារបានល្អទៀតផង។ ចំពោះអ្នកប្រដាល់ថៃ ខាន់ ថេប នេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរនោះ ដូច្នេះ មិនមាននរណាដឹងថាគេមានសមត្ថភាពប៉ុណ្ណានោះទេ តែអ្នកដែលហ៊ានប្រកាសចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់បែបនេះទំនងជាមិនខ្សោយនោះឡើយ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៥៤ដង និងចាញ់១០ដង។ ចំពោះអ្នកប្រដាល់កម្ពុជា វៀក ប៊ុនឌឿន វិញនោះមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៣ដង ចាញ់១៤ដង និងស្មើពិន្ទុ២ដង។

 

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជា សុខ សាវិន មកពីក្លិបឆ្មា ស សែនសុខជួបជាមួយអ្នកប្រដាល់ថៃ ភុត ផេតណយ(Phut Phatnoy)។ សាវិន គឺជាអ្នកប្រដាល់មួយរូបដែលមិនស្រួលបង្ក្រាបនោះទេ ព្រោះអ្នកប្រដាល់មុខស្រទន់រូបនេះមានរបៀបវ៉ៃល្អ រហ័សទាំងការវាយលុកទាំងការការពារ ។ ចំពោះអ្នកប្រដាល់ថៃ ភុត ផេតណយ វិញនោះទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ។ សូមបញ្ជាក់ថា សាវិនមានប្រវត្តិប្រកួតចំនួន១០៤ដង ឈ្នះ៧១ដង ចាញ់២៧ដង និងស្មើពិន្ទុ៦ដង រីឯ ភុត ផេតណយ វិញមានប្រវត្តិប្រកួតចំនួន៦៧ដងឈ្នះ៥៩ដង ចាញ់៧ដង និងស្មើពិន្ទុ ១ដង។ រវាងអ្នកប្រដាល់ទាំង២រូបនេះនរណាឈ្នះនៅថ្ងៃបើកឆាកដំបូង?
អត្ថបទ៖ វ៉ាន្នី

មតិយោបល់