ប្រធានកីឡា PNN ពន្យល់ពីការរៀបចំប្រដាល់អធិរាជគុនខ្មែរ ISI PALM នៅម៉ោង១២ថ្ងៃត្រង់

មាស សុផាណារ៉ុង May 8, 2019


 

ភ្នំពេញ៖ ជាទូរទៅនៅក្នុងការរៀបចំការប្រកួតប្រដាល់មិត្តភាពធម្មតា ឬការប្រកួតមិត្តភាពអន្តរជាតិ ដណ្ដើមប្រាក់លាន និងខ្សែក្រវ៉ាត់ របស់ក្រុមហ៊ុនណាមួយនៅក្នុងស្ថានីយ៍ទូរទស្សន៍នានា នៅក្នុងប្រទេសកម្ពុជា តែងតែធ្វើនៅម៉ោង ៣:៣០នាទីរសៀល ដល់ម៉ោង ៥:៣០នាទីរសៀល និងខ្លះទៀតមាននៅម៉ោង ៥ល្ងាច និងម៉ោង៦យប់ជាដើម។ ខណៈដែលស្ថានីយ៍ទូរទស្សន៍ PNN បានប្រកាសរៀបចំការប្រកួតប្រដាល់អធិរាជគុនខ្មែរ ISI PALM នៅម៉ោង១២ថ្ងៃត្រង់ទៅវិញ ដែលជាម៉ោងប្រជាពលរដ្ឋពិសារបាយថ្ងៃត្រង់ហើយ ទៅសម្រាន្ត។

ថ្លែងនៅក្នុងពិធីសន្និសីទការសែត កាលពីព្រឹកមិញនេះ លោក ស្រឺ ស្រេង ប្រធានកីឡានៃទូរទស្សន៍ PNN បានឱ្យដឹងថា៖ «ដូចបងប្អូនប្រិយមិត្តបានជ្រាបហើយថា ការប្រកួតប្រដាល់រៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ នៅតាមស្ថានីយ៍ទូរទស្សន៍នានាសុទ្ធតែដាក់ម៉ោងប្រកួតដូចៗគ្នា ហើយគេសុទ្ធតែចាស់ៗជាងយើងយូរហើយ បើនិយាយពី PNN វិញ គិតត្រឹមខែ៥ ឆ្នាំ២០១៩នេះ គឺជាកូនពៅដែលក្មេងខ្ចីជាងគេ»។

លោកបន្តថា៖ «បើសិនជាយើងជ្រើសរើសម៉ោងប្រកួតដូចគ្នា អច្ចឹងចំនួនអ្នកទស្សនាទៅគេក៏តិច យើងក៏តិច ហើយបើតាមខ្ញុំស្រាវជ្រាវមកដល់ពេលនេះ គឺមានតែ PNN ទេ ដែលសំរេចយកម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២ថ្ងៃត្រង់នេះ»។

លោកបន្ថែមថា៖ «មិនត្រឹមតែប៉ុណ្ណោះការសម្រេចដាក់យកម៉ោង១២ថ្ងៃត្រង់មកប្រកួតនោះ ក៏ជាការកែទំលាប់មួយរបស់បងប្អូនខ្មែរដែលតែងហូបបាយថ្ងៃត្រង់ម៉ោង១២រួចទៅសម្រាន្ត ងាកមកមើលការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរវិញ ដោយការចូលរួមទស្សនា របស់ពួកគាត់នេះ គឺជាការលើកទឹកចិត្តដ៏សំខាន់មួយទៅដល់កីឡាករកម្ពុជាយើង ក្នុងការយកឈ្នះគូប្រកួតបរទេសនៅលើសង្វៀនប្រកួត»។

គួបញ្ជាក់ផងដែរថា ការប្រកួតប្រដាល់អធិរាជគុនខ្មែរ ISI PALM ដែលជាកម្មវិធីប្រកួតប្រដាល់ដ៏ធំនៅកម្ពុជា នឹងធ្វើការប្រកួតដណ្ដើមខ្សែក្រវាត់ប្រចាំខែ សម្រាប់ឈានទៅដណ្ដើមខ្សែក្រវាត់មាស ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម អមដោយប្រាក់រង្វាន់ ៤០លានរៀល ចាប់ផ្តើមពីចុងសប្តាហ៍នេះតទៅនៅសង្វៀនទូរទស្សន៍ភីអិនអិន នៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់