ប្រដាល់គុណខ្មែរនឹងមានការប្រកួតដែលមានប្រាក់រង្វាន់ដល់ ៤០លានរៀល!

នូ មករា May 7, 2019


ភ្នំពេញ៖ នេះគឺជាលើកដំបូងហើយសម្រាប់វិស័យប្រដាល់គុនខ្មែរដែលទទួលបានការផ្ដល់ប្រាក់រង្វាន់ដ៏ច្រើនមិនធ្លាប់មានពីមុនមក ពោលគឺជ័យលាភីលេខ១នឹងទទួលបានរហូតដល់ ៤០លានរៀលឬប្រមាណជាស្មើនឹងប្រាក់១ម៉ឺនដុល្លារអាមេរិក ខណៈដែលកន្លងមកនៅក្នុងការប្រកួតប្រដាល់នានានៅតាមស្ថានីយ៍ទូរទស្សន៍ក្នុងប្រទេសមានយ៉ាងច្រើនត្រឹម ៦០០០ដុល្លារប៉ុណ្ណោះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ដែលមានទឹកប្រាក់អមរហូតទៅដល់ ១ម៉ឺនដុល្លារនោះបានបង្កើតឡើងរវាងស្ថានីយ៍ទូរទស្សន៍ PNN ដោយចាប់ដៃគូជាមួយនឹងក្រុមហ៊ុន ISI Palm នឹងមានឈ្មោះថា «អធិរាជគុនខ្មែរ ISI PALM» ។  បើតាម លោក លី ហួរ ពិធីករកីឡានៅទូរទស្សន៍ PNN បានឱ្យដឹងថា៖ “ការប្រកួតដណ្ដើមខ្សែក្រវាត់ប្រាក់ប្រចាំខែសម្រាប់ឈានទៅដណ្ដើមខ្សែក្រវាត់មាសក្នុងទម្ងន់៦០គីឡូក្រាម អមដោយប្រាក់រង្វាន់ ៤០លានរៀល (១០,០០០ដុល្លារអាមេរិក)ដោយរាល់ការដណ្ដើមយកខ្សែក្រវាត់ក្នុងកម្មវិធី «អធិរាជគុនខ្មែរ ISI PALM» មានរូបមន្តថ្មីពិសេសដោយកំពូលកីឡាករប្រដាល់កម្ពុជា៨រូប នឹងតតាំងជាមួយជើងខ្លាំងថៃ៨នាក់ ចាញ់ធ្លាក់ៗ ដោយគ្មានសន្សំពិន្ទុអ្វីឡើយ។”

លោកបានបន្ថែមថា៖ “រៀងរាល់ខែ កីឡាករកម្ពុជា២រូបនឹងតតាំងជាមួយកីឡាករថៃ២រូប ហើយអ្នកឈ្នះនឹងឡើងប្រកួតដណ្ដើមខ្សែក្រវាត់ប្រាក់ប្រចាំខែទល់នឹងអ្នកឈ្នះដូចគ្នា។ បន្ទាប់ពីរកឃើញម្ចាស់ខ្សែក្រវាត់ប្រាក់ទាំង៤ ពួកគេនឹងតតាំងគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដើម្បីឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មាសជាបន្តទៀត។”

លោកបានបន្តទៀតថា៖ “ភីអិនអិន និង ISI PALM បានសម្រិតសម្រាំងកំពូលអ្នកស្នងគុនខ្មែរ៨ដួងមកបំពេញបេសកកម្មដ៏មហិមានេះ រួមមានម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា, ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឡៅ ចិត្រា, តារាវ័យក្មេងកំពុងរះត្រដែតឡើង សុខ សាវិន, លន បញ្ញា, កូយ ឡាយ, ធន់ មករា, ឡុង ជិន និងតារាជើងចាស់ សារឿន ចាន់។” គួរបញ្ជាក់ផងដែរថា អធិរាជគុនខ្មែរ ISI PALM នឹងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃអាទិត្យ ម៉ោង១២ថ្ងៃត្រង់ ចាប់ផ្ដើមពីថ្ងៃទី១២ខែឧសភាឆ្នាំ២០១៩តទៅ៕

អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់