ខារ៉ាបាវ ប្រកាសបើកការប្រកួតទម្ងន់ ៦០គីឡូក្រាមដោយមានទាំងអ្នកប្រដាល់ខ្មែរ-ថៃ

នូ មករា May 3, 2019


ភ្នំពេញ៖ សង្វៀនអាស៊ីអាគ្នេយ៍បានបង្ហាញនូវឈ្មោះអ្នកប្រដាល់កម្ពុជា៤រូប និងអ្នកប្រដាល់ថៃ៤រូបដើម្បីប្រកួតដណ្ដើមខ្សែក្រវាត់ថ្មីមួយទៀតសម្រាប់ប្រភេទទម្ងន់ ៦០គីឡូក្រាម។ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៣ ខែឧសភានេះបានឱ្យដឹងថា ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១១ ខែឧសភាដល់ថ្ងៃទី៣ ខែសីហាដោយមានអ្នកប្រដាល់ថៃនៅពូលផ្សេង និងអ្នកប្រដាល់កម្ពុជានៅពូលផ្សេង ហើយការប្រកួតនៅជុំទី១ អ្នកប្រដាល់កម្ពុជាទាំង៤រូបប្រកួតជាមួយអ្នកប្រដាល់ថៃទាំង៤រូប។ សម្រាប់ជុំទី២ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះអ្នកបានចំណាត់ថ្នាក់លេខ១ ពូលកម្ពុជាត្រូវជួបជាមួយអ្នកបានលេខ២ក្នុងពូលថៃ និងអ្នកបានលេខ២ក្នុងពូលកម្ពុជាជួបជាមួយអ្នកបានលេខ១ ក្នុងពូលថៃ។ ចំពោះអ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមលេខ៣ រីឯអ្នកឈ្នះប្រកួតគ្នាដណ្ដើមខ្សែក្រវាត់តែម្តង។


សូមបញ្ជាក់ថា ប្រាក់រង្វាន់សម្រាប់ជើងឯក ឬម្ចាស់ខ្សែក្រវាត់នឹងទទួលបានពាន១ ខ្សែក្រវាត់១ និងថវិកាអមចំនួន ៤.០០០ដុល្លារ, ចំណាត់ថ្នាក់លេខ២ ទទួលបានពាន១ និងថវិកាអមចំនួន ២.៥០០ដុល្លារ, ចំណាត់ថ្នាក់លេខ៣ បានពាន១ និងរង្វាន់អមចំនួន ១.៥០០ដុល្លារ និងអ្នកបានលេខ៤ បានពាន១ និងថវិកាអមចំនួន ១.០០០ដុល្លារ។

គួររំលឹកថា ការប្រកួតកន្លងមកម្ចាស់ខ្សែក្រវាត់ទទួលបានថវិកាអមចំនួន ៥.០០០ដុល្លារ រីឯអ្នកបានលេខ២ បានពាន និងប្រាក់រង្វាន់ ៣.០០០ដុល្លារ។ មូលហេតុដែលការប្រកួតលើកនេះប្រាក់រង្វាន់មានការស្រុតចុះគឺដោយសារតែគេរៀបចំឲ្យមានការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយប្រាក់រង្វាន់មានដល់ចំណាត់ថ្នាក់លេខ៤ គឺមិនមែនមានត្រឹមតែលេខ១ និងលេខ២ដូចលើកមុនឡើយ។

សូមជម្រាបថា នៅក្នុងរដូវកាលទី៩នេះ អ្នកប្រដាល់ដែលចូលរួមក្នុងការប្រកួតលើកនេះខាងពូលកម្ពុជាមាន វៀត ប៊ុនឌឿន មកពីសមាគមប្រដាល់ក្រសួងការពារជាតិ, សុខ សាវិន របស់ក្លិបឆ្មាសសែនសុខ, ចាន់ សំអាត មកពីក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ និងកីឡាករ សូត្រ ប៊ុនធី របស់ក្លិបបក្សីស្លាបដែក។ ចំពោះពូលខាងអ្នកប្រដាល់ថៃវិញនោះមាន ខាន់ ទេព (Khan Tep), ភុត ផាតណយ (Phut Phat Noy), ឆៃ យ៉រ៍ (Chhai Yor) និង ស៊ូភើ ពេក (Super Pek)៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់