ប្រមុខសហព័ន្ធប្រដាល់គុនខ្មែរ ប្រកាសរុះរើមន្ត្រីបច្ចេកទេសតាមស្ថានីយ៍ទូរទស្សន៍ឡើងវិញ

មាស សុផាណារ៉ុង May 1, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជួបប្រជុំជាមួយស្ថានីយ៍ទូរទស្សន៍ចំនួន៥ដែលមានសង្វៀនប្រដាល់ ពេញមួយព្រឹកថ្ងៃទី៣០ ខែមេសា នាសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡា។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរជាអ្នកដឹកនាំអង្គប្រជុំនេះ។ ស្ថានីយ៍ទូរទស្សន៍ទាំង៥នោះមានក្រុមហ៊ុន CBS ដែលគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ចំនួន៣ គឺ CTN-CNC និង MYTV ទូរទស្សន៍បាយ័ន ទូរទស្សន៍អាស៊ីអាគ្នេយ៍ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និង ទូរទស្សន៍ PNN ដែលកំពុងតែឮថាត្រៀមនឹងរៀបចំឲ្យមានប្រដាល់ ឡើងវិញបន្ទាប់ពីម្ដងមានម្ដងអត់មកនោះ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អរគុណដល់ទូរទស្សន៍ទាំង៥ ស្ថានីយ៍នេះដែលខិតខំស្វែងរកការឧបត្ថម្ភដើម្បីបង្កើតកម្មវិធីប្រដាល់ធ្វើឲ្យមន្ត្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ប្រដាល់មានការផ្លាស់ប្ដូរជីវភាព។ ជាមួយនឹងការថ្លែងអំណរគុនប្រមុខប្រដាល់គុនខ្មែរប្រកាសរុះរើមន្ត្រីបច្ចេកទេសតាមស្ថានីយ៍ទូរទស្សន៍ទាំងអស់។

ប្រមុខកីឡាប្រដាល់រូបនេះបានទាមទារកុំឲ្យស្ថានីយ៍នានាអន្តរាគមន៍ដើម្បីទុកអ្នកនេះ ឬទុកអ្នកនោះឲ្យសោះ។ មន្ត្រីបច្ចេកទេសសហព័ន្ធ នឹងដាក់ពិន័យទៅតាមការកំណត់របស់សហព័ន្ធ។ ហេតុនេះសូមទូរទស្សន៍កុំអន្តរាគមន៍ចំពោះអ្នកមានកំហុស។ លោកអះអាងថាសហព័ន្ធប្រដាល់ចេញដំណើរដំបូងមានការលំបាកណាស់មន្ត្រីបច្ចេកទេសភាគច្រើនអក្សរខ្មែរចេះត្រឹមតែសរសេរឈ្មោះខ្លួនឯងប៉ុណ្ណោះ ហើយក្លឹប និង អ្នកប្រដាល់ក៏មិនមានច្រើនដែរ។ តែពេលនេះទាំងធនធានមន្ត្រីបច្ចេកទេស ទាំងកីឡាករ គឺមានអាចថាគ្រាន់បើដែរហើយៗប្រដាល់គុនខ្មែរថែមទាំងមានសមត្ថភាពដណ្ដើម មេដាយមាស ប្រាក់ និងសំរិទ្ធ ពីកីឡាអាស៊ីអាគ្នេយ៍មកទៀតផង។

សហព័ន្ធនឹងបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសដែលបានបញ្ចប់បរិញ្ញាប័ត្រឲ្យបានហោចណាស់ ១៥រូបបន្ថែមទៀត។ សហព័ន្ធក៏មិនបោះបង់ចោលអ្នកចាស់ដែរ គឺពង្រឹងចាស់ពង្រីកថ្មីដើម្បីឲ្យសហព័ន្ធកាន់តែរឹងមាំ។ លោកប្រធានសហព័ន្ធ បានសុំឲ្យទូរទស្សន៍ពិនិត្យតម្លៃពលកម្មរបស់មន្ត្រីបច្ចេកទេសឡើងវិញប្រសិនបើអាច។

លោកក៏បានប្រកាសដែរថាក្នុងឆ្នាំនេះលោកនឹងរៀបចំឲ្យមានវគ្គក្រមសីលធម៌ និងបណ្ដុះបណ្ដាលបច្ចេកទេសឲ្យបាន ពី២ទៅ៣វគ្គបន្ថែមទៀត។ ពាក់ព័ន្ធជាមួយអ្នកប្រដាល់បរទេស ដែលស្ថានីយ៍ជាអ្នកនាំមកប្រកួតនៅស្រុកខ្មែរនោះត្រូវពិនិត្យមើលរាល់ លិខិតស្នាមឲ្យច្បាស់ ពិសេសលិខិតឆ្លងដែន ដើម្បីឲ្យដឹងថាគេជាជនជាតិអ្វីមកពីទីណាពិតប្រាកដ។

លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភិរម្យ ដែលជាអនុប្រធានសហព័ន្ធ ក៏បានសំណូមពរឲ្យទូរទស្សន៍ និងសហព័ន្ធធ្វើការជាមួយគ្នាដោយបេះដូង និងអធ្យាស្រ័យចំពោះគ្នាទៅវិញទៅមក។ លោក ហេង សុឃន ដែលជាអនុប្រធានសហព័ន្ធដែរនោះក៏បានសំណូមពរឲ្យស្ថានីយ៍ទាំង៥ ផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងបានចូលរួមប្រកួត ព្រោះពួកគេគឺជាថ្នាលបន្តវេនដ៏ល្អសម្រាប់ថ្ងៃអានាគត៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់