អ្នកប្រដាល់គុនខ្មែរ ៣រូប ត្រៀមជួបអ្នកប្រយុទ្ធថៃ-បារាំង នៅថ្ងៃអាទិត្យខាងមុខនេះ!ឋ

នូ មករា April 26, 2019


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា៣រូបត្រៀមខ្លួនរួចហើយដើម្បីជួបជាមួយអ្នកប្រដាល់បរទេសលើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី២៨ ខែមេសាខាងមុខនេះ។ ជាការកត់សម្គាល់ រឿម វណ្ណៈ ដែលខកខានមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍មួយរយៈហើយដោយសារតែការប្រកួតរបស់គេភាគច្រើនជួបបរាជ័យជាហេតុធ្វើឲ្យអ្នកផ្គូរផ្គងរារែកចិត្តក្នុងការស្វែងរកដៃគូឲ្យគេប្រកួត។ យ៉ាងណាក៏ដោយ អ្នកប្រដាល់រូបនេះមានចិត្តធំខ្លាំងណាស់ហើយគេចូលចិត្តវាយប្ដូរទៀតផងជាមួយនឹងការប្រើកែងធ្វើជាអាវុធដើម្បីផ្ដួលគូប្រកួត ប៉ុន្តែក្នុងការប្រកួតភាគច្រើន វណ្ណៈ ត្រូវបានគូប្រកួតរបស់គេវាយគេឲ្យមានរបួសដោយសារតែគេខ្សោយលើការការពារខ្លាំងពេក។

ក្នុងជំនួបលើកនេះ ដៃគូប្រកួតរបស់ វណ្ណៈ គឺជាជនជាតិបារាំងឈ្មោះ ម៉ូរីន ឆាលី (Maurin Charlie) ហើយនេះក៏ជាលើកដំបូងហើយដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ។ កីឡាករ រឿម វណ្ណៈ មានប្រវត្តិប្រកួតចំនួន ២៥ដង ឈ្នះ២០ដង និងចាញ់៥ដង។ ចំពោះអ្នកប្រដាល់បារាំង ម៉ូរីន ​វិញមានប្រវត្តិហ្វឹកហាត់នៅស្រុកថៃ។ សូមបញ្ជាក់ថា វណ្ណៈ មានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៤ដង ចាញ់១៦ដង និងស្មើពិន្ទុ ១ដង។

ជាមួយគ្នានេះ ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ សាវ៉ាត ផេត (Sawath Phat) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ សារ៉ា គឺជាអ្នកប្រដាល់ដែលចូលចិត្តប្រើកែងវាយប្រហារគូប្រកួតប៉ុន្តែកែងរបស់គេពេលខ្លះគ្រាន់បានត្រឹមតែគំរាមគូប្រកួតប៉ុណ្ណោះ ។ ចំពោះ សាវ៉ាត ផេត វិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ដូច្នេះ មិនមាននរណាដឹងថារូបគេមានសមត្ថភាពប៉ុណ្ណាឡើយគ្រាន់តែដឹងថា អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៤ដង ចាញ់១១ដង រីឯអ្នកប្រដាល់កម្ពុជា ឆៃ សារ៉ា វិញមានប្រវត្តិប្រកួតចំនួន៩៦ដង ឈ្នះ៧៦ដង ចាញ់១៦ដង និងស្មើពិន្ទុ ២ដង។

មួយគូទៀតនោះគឺកីឡាករ នី សុភី ដែលគេស្គាល់ជាទូទៅថា ឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡានោះត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ យ៉ត ភូលូង (Yorth Phuluong) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។ សុភី មានប្រវត្តិប្រកួតចំនួន១៦២ដង ឈ្នះ១២២ដង ចាញ់២៨ដង និងស្មើពិន្ទុ១២ដង ចំណែកអ្នកប្រដាល់ថៃ យ៉ត ភូលូង វិញមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧០ដង និងចាញ់១៥ដង៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់