អ្នកប្រដាល់សាកលកម្ពុជា ៧រូប បរាជ័យទាំងអស់ក្នុងការប្រកួតបើកទូលាយនៅប្រទេសថៃ

មាស សុផាណារ៉ុង April 23, 2019


 

ភ្នំពេញ៖ អ្នកប្រដាល់សាកលកម្ពុជា ៧រូប ដែលក្នុងនោះ២រូប ជាកីឡាការិនីនោះបានទទួលបរាជ័យនៅជុំទី១ ក្នុងព្រឹត្តិការណ៍ The 1st Thailand Open International Boxing នៅទីក្រុងបាងកកប្រទេសថៃ។

លោក វ៉ែន សុផល គ្រូបង្វឹកកីឡាប្រដាល់ជម្រើសជាតិបានរាយការណ៍ពីទីក្រុងបាងកក ប្រទេសថៃ ដែលជាទីកន្លែងប្រកួតមកថា កីឡាករ-កីឡាការិនីកម្ពុជា សុទ្ធតែចាញ់នៅជុំទី១ ទាំងអស់គ្នា។ អ្នកប្រដាល់ សៅ រង្សី ទម្ងន់៤៩គីឡូក្រាមដែលជាអ្នកប្រដាល់វ័យក្មេងគួរឲ្យទុកចិត្តនោះបានចាញ់អ្នកប្រដាល់ស្រីលង្កា Mutunaka Pedi Geda។ អ្នកប្រដាល់ បាង ដុន ប្រកួតក្នុងប្រភេទទម្ងន់៥៦គីឡូក្រាម ចាញ់អ្នកប្រដាល់ចិនឈ្មោះ Chen Zhihao។

អ្នកប្រដាល់កណ្ដាប់ដៃធ្ងន់ ណាត សៀកនិន ដែលគេស្គាល់ជាទូទៅថា ពេជ្រ ម្ទេសខ្មាំង នោះចាញ់អ្នកប្រដាល់ចិន Shan Jun អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ អ្នកប្រដាល់ យ៉ុន ដារ័ត្ន ដែលប្រកួតក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម នោះប្រកួតចាញ់អ្នកប្រដាល់ស្រីលង្កា Ponna Wila Vigawalage Don Drindu Du។ អ្នកប្រដាល់ វី សុភ័ស្ស ប្រកួតក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមនោះ បានចាញ់អ្នកប្រដាល់ឥណ្ឌា Ashish។

ចំពោះកីឡាការិនីទាំង២រូបវិញនោះកីឡាការិនី នូវ ស្រីពៅ ដែលជាកីឡាការិនីគួរឲ្យសង្ឃឹមជាងគេនោះប្រកួត ចាញ់កីឡាការិនីឥណ្ឌា Nikhat Zareen។ កីឡាការិនីរូបនេះប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។ កីឡាការិនី វី ស្រីខួច ដែលប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម បានចាញ់កីឡាការិនីឥណ្ឌូនេស៊ី Hasanah Huswatun។

ព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់អ្នកប្រដាល់កម្ពុជាវាស់ស្ទង់សមត្ថភាពព្រោះឆ្នាំនេះជាឆ្នាំប្រកួតកីឡាអាស៊ីអាគ្នេយ៍ តែតាមរយៈការប្រកួតនេះបង្ហាញថាអ្នកប្រដាល់សាកលកម្ពុជានៅមានកម្រិតនៅឡើយ។ ការប្រកួតក្នុងស្រុកមិនមាន អ្នកប្រដាល់មួយចំនួនបានឆ្លៀតលួចទៅប្រកួតគុនខ្មែរដើម្បីបានថវិកាខ្លះៗ។ ការចេញទៅប្រកួតគុនខ្មែរ និងខ្លះទៀតចេញទៅប្រកួតយុទ្ធសិល្ប៍ចម្រុះដែលគេហៅថា MMA (Mixed Martial Art) នោះហើយដែលធ្វើឲ្យពួកគេវ៉ៃសាកលមិនសូវច្បាស់នោះ ដែលនេះជាផ្នែកមួយធ្វើឲ្យប្រដាល់សាកលបង្ហាញពីការស្រុតចុះ៕

 

រូបភាព៖ Asian Boxing Confederation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់