ពិតជាមិនធម្មតា! ដៃគូប្រកួតរបស់ នៅ ស្រីពៅ មានប្រវត្តិលេចធ្លោរនៅសង្វៀន ONE

នូ មករា April 22, 2019


ភ្នំពេញ៖ នៅសល់តែ១សប្ដាហ៍ទៀតប៉ុណ្ណោះ កីឡាការិនី នៅ ស្រីពៅ អ្នកជំនាញវាយដាក់ទ្រុងជំនាន់ថ្មីរបស់កម្ពុជានឹងជួបប្រកួតជាមួយកីឡាការិនីម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol នៅសង្វៀន ONE: FOR HONOR នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនៅប្រទេសឥណ្ឌូណេស៊ី។

ជាមួយគ្នានេះ យើងខ្ញុំនឹងលើកយកប្រវត្តិខ្លះៗពីដៃគូប្រកួតរបស់កីឡាការិនី នៅ ស្រីពៅ មកជម្រាបជូនដល់អ្នកស្នេហាវិស័យកីឡាមួយនេះដឹងឱ្យកាន់តែជាក់ច្បាស់ដូចខាងក្រោម៖


យោងតាមប្រសាសន៍របស់អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា លោក ហ៊ុន ច័ន្ទរាជ្យ បានឱ្យដឹងថា៖ «Priscilla គេមានបទពិសោធន៍ច្រើនដល់ ៩ ដងនៅសង្វៀន One Championship និងមានកម្លាំងខ្លាំងជាងកីឡាការិនីថៃ Riga ដែល ស្រីពៅ ធ្លាប់ទទួលជ័យជម្នះផង ជាពិសេសកម្លាំងកាច់ បោក ក្លេរគេខ្លាំង ដូច្នេះ យើងត្រូវការពារកុំឲ្យគេក្លេរបាន និងបោកបាន។»


លោកបានបន្តថា៖ «កីឡាការិនី Priscilla Hertati Lumban Gaol មានវ័យ ៣០ ឆ្នាំ ជាតារាប្រចាំសង្វៀន ONE Championship តាំងពីឆ្នាំ ២០១៧ មក ដោយ Priscilla ប្រកួតលើសង្វៀនកម្រិតពិភពលោកនេះបានចំនួន ៩ ដង ដែលក្នុងនោះឈ្នះ ៥ដង និងចាញ់ ៤ដងសម្រាប់ការប្រកួតចុងក្រោយ Priscilla ចាញ់ពិន្ទុកីឡាការិនីឥណ្ឌា Puja Tomar ទាំងមិនអស់ចិត្តដោយមានទឹកភ្នែកស្រក់ក្រោយការប្រកាសលទ្ធផលទៀតផង។»

ទោះបីដៃគូប្រកួតលើកនេះ របស់ ស្រី ពៅ ខ្លាំងជាងមុនក៏ពិតមែន ប៉ុន្តែរូបគេបានប្ដេជ្ញាចំពោះប្រជាពលរដ្ឋខ្មែរថានឹងយកឈ្នះលើ Priscilla ឱ្យខានតែបាន!។ គួរបញ្ជាក់ផងដែរថា នេះជាការប្រកួតលើកទី២ របស់កីឡាការិនីកម្ពុជារូបនេះក្នុងកម្មវិធី ONE ខណៈដែលកាលលើកដំបូង ស្រីពៅ បានយកឈ្នះម្ចាស់ផ្ទះថៃ Rika Ishige កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់