ឃុន ឌីម៉ា ដាក់គោលដៅយកមេដាយមាសស៊ីហ្គេមឆ្នាំនេះ!

នូ មករា April 22, 2019


ភ្នំពេញ៖ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០១៧ ផ្នែកកីឡាគុន ឃុន ឌីម៉ា បានដាក់គោលដៅច្បាស់លាស់មួយក្នុងការប្រកួតប្រជែងដណ្ដើមយកមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬសុីហ្គេមជាលើកទី២របស់ខ្លួននៅហ្វីលីពីនឆ្នាំនេះ ប៉ុន្តែសាមីខ្លួនមិនទាន់ហ៊ានធានាជូនប្រជាពលរដ្ឋខ្មែរ ១០០% នោះទេដោយរូបគេអះអាងថានឹងខិតខំប្រឹងប្រែងឱ្យពីសមត្ថភាពទាំងការហ្វឹកហាត់ក៏ដូចជាពេលប្រកួតជាក់ស្តែង។

អ្នកប្រដាល់ដែលមានរហស្សនាមថា នាគខ្មៅ រូបនេះបាននិយាយថា៖ «គោលដៅរបស់ខ្ញុំគឺដើម្បីស្វែងរកមេដាយមាសសម្រាប់ស៊ីហ្គេម ប៉ុន្តែខ្ញុំមិនហ៊ានអះអាងប្រាកដថាបាន ១០០% នោះឡើយព្រោះកម្រិតស៊ីហ្គេមគេក៏ខ្លាំងៗដូចគ្នា ហើយបច្ចុប្បន្ន គីឡូខ្ញុំ៦៣ ហើយខ្ញុំត្រូវឡើងវ៉ៃគីឡូ ៦៤ នៅស៊ីហ្គេមឆ្នាំនេះតាមខ្ញុំដឹង។ យ៉ាងណាក្ដី ខ្ញុំហ្វឹកហាត់ត្រៀមជាប្រចាំ និងឡើងសង្វៀនប្រកួតនានាប្រៀបដូចជាការត្រៀមខ្លួនឲ្យបានល្អអុីចឹងដែរ ជារួមគឺទោះឡើងប្រកួតនៅទីណាមុនសុីហ្គេមក៏ជាការត្រៀមខ្លួនរបស់ខ្ញុំដែរ»។

គួរបញ្ជាក់ផងដែរថា ការប្រកួតស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីនចុងឆ្នាំ២០១៩ នេះនឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះហើយ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់