TV5 Boxing Knock-Out: ជើងខ្លាំង១៤រូបហើយដែលឆ្លងផុតវគ្គជម្រុះជុំទី១

នូ មករា April 22, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី២០ ខែមេសាកន្លងមកមានអ្នកប្រដាល់២រូបទៀតហើយដែលឆ្លងផុតវគ្គជម្រុះជុំទី១ ដោយអ្នកប្រដាល់ សេក សារ៉ាន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបបានយកឈ្នះពិន្ទុអ្នកប្រដាល់ ម៉ៅ ប៉ោក មកពីក្លិបខេត្តរតនគីរីបន្ទាប់ពីប្រកួតគ្នាពេញទាំង៣ទឹកនោះ។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតពាននេះធ្វើឡើងត្រឹមតែ៣ទឹកប៉ុណ្ណោះហើយជាមួយនឹងជ័យជម្នះនេះបានធ្វើឲ្យ សេក សារ៉ាន មានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះបន្តនៅជុំទី២ទៀត ខណៈ ម៉ៅ ប៉ោក ដែលខំស្កាត់មកពីខេត្តរតនគីរីនោះត្រូវខ្ទាតចេញពីការប្រកួតនៅជុំទី១នេះ។

 

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ ខ្លើយ ណាត មកពីក្លឹបមោងឬស្សីមរតគុនខ្មែរត្រូវអ្នកប្រដាល់ លី តក់ មកពីក្លិបតាព្រហ្មមានជ័យប្រើកណ្ដាប់ដៃផ្ដួលឲ្យក្រោកលែងរួចមុនស្នូរជួងបញ្ចប់ទឹកទី៣។ អ្នកប្រដាល់ទាំង២រូបនេះចាប់ផ្ដើមប្ដូរកណ្ដាប់ដៃគ្នាតាំងពីដើមទឹកទី១មកម្ល៉េះ លុះនៅទឹកទី២ ខ្លើយ ណាត ត្រូវអាជ្ញាកណ្ដាលរាប់ដល់ ៨បន្ទាប់ពីត្រូវនឹងកណ្ដាប់ដៃធ្ងន់ៗរបស់ លី តក់ នោះ ប៉ុន្តែទោះបី ខ្លើយ ណាត ខិតខំព្យាយាមបន្តការប្រកួតនៅទឹកទី៣បន្តទៀតក៏ពិតមែនតែ ទីបំផុតកណ្ដាប់ដៃរបស់ លី តក់ មិនអនុញ្ញាតឲ្យអ្នកប្រដាល់មកពីក្លិបមោងឬស្សីរូបនេះឆ្លងផុតទឹកទី៣ឡើយ។ ដូច្នេះ ខ្លើយ ណាត ត្រូវខ្ទាតចេញពីការប្រកួតត្រឹមនេះក្នុងខណៈដែល លី តក់ នឹងត្រៀមខ្លួនប្រកួតបន្តនៅជុំទី២ទៀត ។

សូមបញ្ជាក់ថា ពេលនេះក្នុងចំណោមអ្នកប្រដាល់ ៣២រូបចូលរួមដែលប្រកួតជម្រុះនៅជុំទី១មាន ១៤រូបហើយបានចាកចេញពីការប្រកួត និងមានអ្នកប្រដាល់១៤រូបដែលកំពុងរង់ចាំប្រកួតជម្រុះនៅជុំទី២បន្តទៀត៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់