បន្ទាប់ពីស្មើ រឿង សារ័ត្ន អ្នកប្រដាល់ថៃ ឆ្លាម ផេត ប្រកាសឡើងសង្វៀនជាមួយ មឿន សុខហ៊ុច!

នូ មករា April 19, 2019


ភ្នំពេញ៖ អ្នកប្រដាល់ថៃ ឆ្លាម ផេត (Chhlam Phat) នឹងជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជា មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សលើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២១ ខែមេសាខាងមុខ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។ គួរបញ្ជាក់ថា អ្នកប្រដាល់ថៃរូបនេះមិនមែនខ្សោយទេព្រោះកាលពីប៉ុន្មានសប្ដាហ៍មុនគេធ្លាប់ប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់កម្ពុជា រឿង សារ័ត្ន របស់ក្លិបទ័ពឆ័ត្រយោង៩១១។ ជាមួយនឹងចលនាបំលាស់ទីបានរហ័សនោះ ឆ្លាម ផេត មានប្លង់វាយចេញល្អ លឿន និងការពារបានរឹងមាំ។

ចំពោះ សុខ ហ៊ុច វិញក៏ការវាយចេញរបស់គេធ្ងន់ដែរ ជាពិសេសគេអាចប្រើជើងទាត់បានល្អទោះបីកែងរបស់គេវាយចេញមិនសូវមានប្រសិទ្ធិភាពក៏ពិតមែនប៉ុន្តែបើវាយចំគោលដៅវិញគឺគូប្រកួតនឹងមានរបួសភ្លាម ។ កីឡាករកម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ១៥៤ដង ឈ្នះ១២៦ដង ចាញ់២៣ដង និងស្មើពិន្ទុ៥ដង។ ចំពោះអ្នកប្រដាល់ថៃ ឆ្លាម ផេត វិញមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦០ដង និង ចាញ់១៦ដង៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់