ប្រកួតគុនខ្មែរក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ទទួលបានប្រជាប្រិយលើសលប់!

នូ មករា April 19, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ព្រៃវែងសង្ក្រាន្តឆ្នាំនេះបានបើកសង្វៀនចំនួន២ដែលសង្វៀនទី១ធ្វើឡើងកាលពីថ្ងៃទី១៤ ខែមេសា និងសង្វៀនមួយទៀតបើកកាលពីថ្ងៃទី១៥ ខែមេសាកន្លងមក។ ជាមួយគ្នានេះ សម្រាប់ថ្ងៃទី១៤ ខែមេសាគឺជាការប្រកួតរវាងអ្នកប្រដាល់រួមជាតិសុទ្ធតែម្ដងដែលក្នុងនោះក្រៅពីគូមិត្តភាពនោះមានគូប្រកួតដណ្ដើមពានចំនួន២ប្រភេទទម្ងន់គឺទម្ងន់៥៧គីឡូក្រាម និងទម្ងន់៦៣,៥០គីឡូក្រាម។ ក្នុងនោះដែរសម្រាប់ទម្ងន់ ៥៧គីឡូក្រាមពានបានទៅអ្នកប្រដាល់ ម៉ន សាម៉េត មកពីក្លិបកងចក្ររាជសីហ៍ រីឯពានទម្ងន់ ៦៣.៥០គីឡូក្រាមបានទៅអ្នកប្រដាល់ គង់ សំបូរ ក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបដែលបានឈ្នះ ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ។

ចំពោះសង្វៀនថ្ងៃទី១៥ ខែមេសាវិញមានការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិចំនួន៦គូដែលមានអ្នកប្រដាល់មកពី៥ប្រទេសចូលរួម។ សូមបញ្ជាក់ថា ការប្រកួតនេះមានតែ៣ទឹកប៉ុណ្ណោះដោយ កីឡាករ វ៉ាន់ វឿន ដែលជាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមបានយកឈ្នះអ្នកប្រដាល់ឡាវ ណាករ៉ុងរិទ្ធ វិសិទ្ធគិត (Nakrongrit Visetkit) នៅទឹកទី២ ដោយអ្នកប្រដាល់ទាំង២រូបនេះបានប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។

ចំណែកអ្នកប្រដាល់ ឡុង សំណាង របស់ក្លិបសាលវ័ន្ដកីឡាដែលប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនោះបានផ្ដួលអ្នកប្រដាល់បារាំង ហ្សកដង់ (Jordan) នៅទឹកទី២ដែរ។ ចំពោះ ផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានរិទ្ធដែលប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនោះបានយកឈ្នះអ្នកប្រ
ដាល់អូទ្រីស ម៉េដាដ អាឌីនណេហ្សាដ (Mehrdad Addinejad) ដោយពិន្ទុ ព្រោះចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យ ផល សោភ័ណ្ឌ ឈ្នះទាំងអស់គ្នា ។ ទន្ទឹមនឹងនេះ ឡៅ ចន្ទ្រា របស់ក្លិបទ័ពឆ័ត្រយោង៩១១ ដែលប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមនោះបានយកឈ្នះអ្នកប្រដាល់អ៊ីតាលី ហ្វេឌីរីកូ អេណេស្តូ (Fedirico Ernesto) ដោយពិន្ទុព្រោះចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យ ចន្ទ្រា ឈ្នះដូចៗគ្នា។

សម្រាប់កីឡាករ រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃផេត ឆ្មាល ជ័រណារ៉ុងសាក់ (Petchhmal
Chornarongsak) ។ តាមពិតទៅការប្រកួតនេះ សោភ័ណ្ឌ បានចាញ់អ្នកប្រដាល់ថៃទេព្រោះក្នុងចំណោមចៅក្រមទាំង៥ មានតែចៅក្រម២រូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យ សោភ័ណ្ឌ ឈ្នះ រីឯ ៣រូបទៀតផ្ដល់ពិន្ទុឲ្យ សោភ័ណ្ឌ ចាញ់តែដោយសារអ្នកប្រដាល់រូបនេះចូលចិត្តឡាំប៉ានៅពេលខ្លួនចាញ់នោះទើបប្រធានវិនិច្ឆ័យសម្រេចឲ្យស្មើតែម្ដងទៅម្យ៉ាងនេះជាការប្រកួតជាមិត្តភាពផង។ ជាចុងក្រោយ ម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញឈ្នះអ្នកប្រដាល់ថៃ ថង មៀងស៊ីម៉ា (Thong Mueangsima) ដោយពិន្ទុដោយចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យឌីម៉ាឈ្នះដូចគ្នា៕


អត្ថបទ៖ វ៉ាន្នី

មតិយោបល់