នៅ ស្រីពៅ សន្យាដូចដើមជូនបងប្អូនខ្មែរសម្រាប់ការឈ្នះនៅឥណ្ឌូនេស៊ី

មាស សុផាណារ៉ុង April 12, 2019


 

ភ្នំពេញ៖ អ្នកប្រដាល់ក្បាច់គុនចម្រុះចំណូលថ្មី នៅ ស្រីពៅ នៅតែបន្តការសន្យារបស់ខ្លួន ក្នុងការយកឈ្នះដៃគូប្រកួតនៅក្នុងព្រឹត្តិការណ៍ វៃដាក់ទ្រុង ឬហៅថា ONE Championship ដដែល ខណៈដែលលើកនេះ កីឡាករដែលតំណាងឱ្យកម្ពុជា ត្រូវប៉ះជើងខ្លាំងរបស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី Priscilla Hertati Lumban Gaol នៅក្នុងព្រឹត្តិការណ៍ ONE : FOR HONOR ក្នុងទីក្រុងហ្សារកាតា នាថ្ងៃទី៣ ខែឧសភាខាងមុខនេះ។

ស្រីពៅ បានឱ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍សប្បាយមែនទែន ក្រោយពេលមានឈ្មោះនៅក្នុងការប្រកួត លើកទី២នៅក្នុងព្រឹត្តិការណ៍ ONE Championship តែមានអារម្មណ៍ភ័យៗ ដូចការជួបប្រកួតលើដំបូងចឹងដែរ តែនៅពេលដែលឡើងដល់សង្វៀនប្រកួតគឺធម្មតា មិនមានការបារម្មណ៍អ្វីនោះទេ។ ខ្ញុំធ្លាប់ឃើញការប្រកួតរបស់ Lumban Gaol ដែលនៅក្នុង Youtube គឺគាត់ពូកែ ចាប់ និង ក្លេ អច្ចឹងស្នៀតដែលខ្ញុំអាចទប់ទល់បានគឺមានតែការវាយប្រយោល ប្រើស្នៀតកែងបុកការណូត និងប្រើជង្គង់តែប៉ុណ្ណោះដែលមានសង្ឃឹមឈ្នះ។»

ម្ចាស់ជើងឯក World Lethwei Championship បន្តថា៖ «ខ្ញុំមិនខ្លាចគូប្រកួតណាទាំងអស់នៅសង្វៀន One Championship ឲ្យតែត្រូវគីឡូ ហើយខ្ញុំបន់ឲ្យតែគេចាប់គូឲ្យវ៉ៃ។ ព្រោះអីនៅកម្ពុជា ឥឡូវនេះ ពិបាករកកីឡាការិនីវ៉ៃជាមួយខ្ញុំ។ ដូច្នេះបើសួរខ្ញុំ ចង់ប្រកួតទៀតអត់ …ខ្ញុំត្រូវតែឆ្លើយថា ចង់ប្រកួត ហើយជាមួយអ្នកណាក៏បាន។»

នៅក្នុងការហ្វឹកហាត់ត្រៀមប្រកួតជាមួយនឹងកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាខែឧសភាខាងមុខនេះ ម្ចាស់ខ្សែក្រវាត់គុនខ្មែរអន្តរជាតិទម្ងន់ ៦៣,៥គីឡូក្រាម រូបនេះសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនទាន់ហ៊ានធានាថា លើកនេះនឹងឈ្នះម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១០០ភាគរយនោះទេ តែខ្ញុំនឹងប្រឹងប្រែងអោយបានល្អដូចជំនួបប្រកួតលើកដំបូងរបស់ខ្លួនចឹងដែរ គឺដាច់ខាតមិនអោយបងប្អូនខ្មែរខកចិត្តនៅលើខ្ញុំឡើយ។»

គួរបញ្ជាក់ផងដែរថា នៅ ស្រីពៅ ដែលមានដើមកំណើតនៅចំការដូងរាជធានីភ្នំពេញ បានចូលហ្វឹកហាត់ប្រដាល់ តាំងពីឆ្នាំ ២០១៤ ជាមួយបងប្រុសបង្កើត ឈ្មោះ នៅ ស៊ីថា។ ប៉ុន្តែ ឥឡូវបងប្រុសបង្កើតបានបញ្ចប់អាជីពហើយដោយទៅប្រកបរបររកស៊ីវិញ។ គ្រូបង្វឹករបស់ ស្រីពៅ ដំបូងគឺ ញ៉ូវ ម៉ាក និង លោកគ្រូ ម៉ាក សាខន នៃក្លិបតាឡីដំរីមានរិទ្ធិ។ ប៉ុន្តែ មុនពេលទៅប្រកួតក្នុងកម្មវិធី MMA ឬ One Championship កីឡាការិនីរូបនេះទៅហ្វឹកហាត់ក្បាច់ក្លេរ ឬ គុនចម្រុះជាមួយគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ នៃក្លិប Cambodian Top Team៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់