សង្ក្រាន្តព្រៃវែង និងតាខ្មៅ មានរៀបចំការប្រកួតប្រដាល់គុនខ្មែរអបអរបុណ្យចូលឆ្នាំថ្មី

នូ មករា April 11, 2019


ភ្នំពេញ៖ នៅក្នុងសប្តាហ៍នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ បណ្តាសង្វៀនប្រដាល់នៅតាមស្ថានីយ៍ទូរទស្សន៍ទាំងអស់នឹងត្រូវបិទសម្រាកមួយសប្ដាហ៍ ក៏ប៉ុន្តែក្នុងថ្ងៃចូលឆ្នាំនឹងមានខេត្តចំនួន២គឺខេត្តព្រៃវែង និងខេត្តកណ្ដាលនឹងបានបើកសង្វៀនដើម្បីប្រកួតប្រដាល់អបអរសង្រ្កានប្រចាំខេត្តរបស់ខ្លួន។ នៅក្នុងនោះដែរសម្រាប់ខេត្តព្រៃវែងនឹងបើកសង្វៀនរយៈពេល២ថ្ងៃគឺថ្ងៃទី១៤ និង១៥ ខែមេសាដោយនៅថ្ងៃទី១៤ ខែមេសា មានការប្រកួតចំនួន៦គូដែលមានសុទ្ធតែជនរួមជាតិក្នុងនោះ ៣គូប្រកួតជាមិត្តភាព និង៣គូប្រកួតដណ្ដើមពានរង្វាន់សង្ក្រាន។ គូដែលប្រកួតដណ្ដើមពានរង្វាន់សង្ក្រាននោះគឺទម្ងន់៥៧គីឡូក្រាមមាន២គូគឺ លីន វីរៈ មកពីក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយ ខេម ចាន់ មកពីក្លិបទ័ពឆ័ត្រយោង៩១១, សៀវ ង៉ុយ របស់ក្លិបកងពលធំអន្តរាគមន៍លេខ២ប្រកួតជាមួយ ម៉ន សាម៉េត របស់ក្លិបកងចក្ររាជសីហ៍។ មួយគូទៀតដែលប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនោះគឺ គង់ សំបូរ មកពីក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបប្រកួតជាមួយ ពុយ វណ្ណៈ របស់ក្លិបឃ្លាំងមឿងកីឡា។

 

ចំពោះថ្ងៃទី១៥ ខែមេសាវិញការប្រកួតកាន់តែអស្ចារ្យក្នុងការប្រកួតចំនួន៨គូគឺមាន៦គូហើយដែលប្រកួតរវាងកម្ពុជា និងអ្នកប្រដាល់បរទេសដោយអ្នកប្រដាល់កម្ពុជាសុទ្ធតែអ្នកល្បីៗដូចជា វ៉ាន់ វឿន ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមជួបជាមួយអ្នកប្រដាល់ឡាវ ណាក់រ៉ូរីត ស.វិសេគីត (Nakrorit S.Visetkit) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម, ឡុង សំណាង មកពីក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់បារាំង ហ្សក ដាន់ (Jordan) ក្នុងប្រភេទទម្ងន់ ៦៣.៥០គីឡូក្រាម, ផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់អូស្រ្តាលី មេដាដ អាឌិណេយ៉ាត (Mehrdad
Addinejad) ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។

ចំណែកឯកីឡាករ ឡៅ ចន្ទ្រា របស់ក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់អ៊ីតាលី ហ្វេដេរីកូ អេរណេស្តូ (Federico Ernesto) ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម, រឿង សោភ័ណ្ឌ របស់ក្លិបម្កុដរាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់ថៃ ផេតឆ្មៃ ជ័រណារ៉ុង សាក់ (Petchmai Chorna Rongsak) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម, ឃុន ឌីម៉ាម្ចាស់មេដាយមាសស៊ីហ្គេមប្រកួតជាមួយអ្នក
ប្រដាល់ថៃ ថង មឿងស៊ីម៉ា (Thong Mueangsima) ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ ចំពោះសង្ក្រាននៅក្រុងតាខ្មៅខេត្តកណ្ដាវិញនោះគឺបើកសង្វៀនប្រកួត២ថ្ងៃដែរនៅថ្ងៃទី១៥ ខែមេសាមានការប្រកួតជាលក្ខណៈអន្តរជាតិចំនួន២គូ និងថ្ងៃទី១៦មេសាក៏ប្រកួតជាលក្ខណៈអន្តរជាតិ២គូដែរ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់