សឹម ប៊ុនស្រន់ ប្រកាសឡើងសង្វៀន One Championship វិញក្រោយខកខាន១ឆ្នាំ

នូ មករា April 10, 2019


 

ភ្នំពេញ៖ បន្ទាប់ពីបង្កើតជំនួញកសិកម្មមួយរបស់ខ្លួនដោយទទួលបានជោកជ័យ អស់រយៈពេលជាង១ឆ្នាំរួចមក អ្នកប្រដាល់ក្បាច់គុនចម្រុះ សឹម ប៊ុនស្រន់ បានប្រកាសថាខ្លួននឹងចូលប្រឡូកនៅក្នុងវិស័យនេះឡើងវិញ អោយតែមានគូប្រកួតនៅសង្វៀន One Championship ហ៊ានប៉ះជាមួយនឹងគេ នឹងទទួលជានិច្ច។

សឹម ប៊ុនស្រន់ បានឱ្យដឹងថា៖ «ខ្ញុំមកហ្វឹកហាត់នៅក្លិប Cambodian Top Team ជាមួយគ្រូ ហ៊ុន ច័ន្ទរាជ្យ ជាប្រចាំបើសិនខ្ញុំអត់មានការងារចុះទៅខេត្ត។ រាល់ថ្ងៃខ្ញុំមានរបររកស៊ីបណ្ដុះកូនឈើលើកសិដ្ឋានមួយមានផ្ទៃដីប្រមាណ ១០ហិតា ដែលមានរយៈពេលជាង ១ឆ្នាំមកហើយនៅខេត្តកំពង់ឆ្នាំ។ ខ្ញុំចូលរួមមុខជំនួញនេះជាមួយក្រុមការងារដែលគាត់ជាអតីតពលករនៅប្រទេសកូរ៉េ ហើយមុខរបរនេះចេះតែដើរមុខបណ្ដើរៗ។ បែបណាក៏ ខ្ញុំមិនភ្លេចខ្លួនរំលឹក និងហាត់គុនចម្រុះរបស់ខ្ញុំទេ»។

គួបញ្ជាក់ផងដែរថា៖ មុនចូលចាប់អាជីព ហាត់ MMA ឬ គុនចម្រុះរូបគេមានមូលដ្ឋានគ្រឹះហ្វឹកហាត់ក្បាច់គុនយូដូជម្រើសជាតិពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ មុនចាប់ផ្ដើមហាត់គុនចម្រុះ ពី២០១៥ រហូតដល់បច្ចុប្បន្ន។ ក្នុងនោះ ប៊ុនស្រន់ ក៏មានគ្រឹះផ្នែកប្រដាល់សេរីទៀតផងដោយរូបគេធ្លាប់ឡើងវ៉ៃលើសង្វៀនបានចំនួន ៤ដងពោលឈ្នះ ២ដង និងចាញ់២ដង។

កីឡាករដែលមានកំណត់ត្រាឈ្នះ ៣ដងនៅសង្វៀន One Championship រូបនេះក៏ធ្លាប់ហ្វឹកហាត់ក្បាច់គុនតុងហ្គីលម៉ូដូ និងចេញទៅប្រកួតឈ្នះមេដាយមាសកាលឆ្នាំ២០១៦ ក្នុងព្រឹត្តិការណ៍ Asian Tong il Mo Do Championship នៅឈៀងម៉ៃ ប្រទេសថៃ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់