សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រៀបចំពិធីសូត្រមន្តជម្រះអារម្មណ៍មន្ត្រីបច្ចេកទេស

មាស សុផាណារ៉ុង April 9, 2019


 

ភ្នំពេញ៖ រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំពិធីសូត្រមន្តសុំសេចក្តីសុខសិរីសួស្តី ដល់មហាគ្រួសារសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ កាន់តែខិតជិតចូលមកដល់នាទីស្នាក់ការសហព័ន្ធតែម្ដង។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាច្រើននាក់បានចូលរួមក្នុងពិធីនេះ។ លោកប្រធានសហព័ន្ធបានបញ្ជាក់ឲ្យដឹងថានេះជាពិធីសាសនាមួយដែលសហព័ន្ធតែងតែធ្វើជារៀងរាល់ឆ្នាំ។ ទោះបីក្នុងការគិត ឬការផ្សងរបស់មនុស្សម្នាក់ៗតាមរយៈពិធីសាសនាមួយនេះមិនដូចគ្នាក៏ពិតមែនតែក្នុងឋានៈដែលលោកជាប្រធានសហព័ន្ធ លោកសូមបន់ស្រន់ឲ្យទេវតាឆ្នាំថ្មីជួយតម្រែតម្រង់ដល់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធ ឲ្យបំពេញការងារដោយយុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈ។

លោកទទួលស្គាល់ថាសហព័ន្ធប្រដាល់គុនខ្មែរ ដែលរឹងមាំមកដល់ពេលនេះគឺដោយសារកម្លាំងមហាសាមគ្គី របស់សមាជិកប្រតិបត្តិ គ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ ក្លឹប និងសមាគម។ សហព័ន្ធបានបង្កើតឲ្យមានការប្រកួតជាច្រើន ដើម្បីជួយផ្លាស់ប្ដូរជីវភាពអ្នកប្រដាល់ គ្រូបង្វឹក មន្ត្រីបច្ចេកទេស។

លោកបញ្ជាក់ថា មានការប្រកួតគឺមានការងារធ្វើ ចូលរួមការងារគឺបានទទួលការឧបត្ថម្ភ ទោះបីពេលខ្លះរាល់ការឧបត្ថម្ភវាមិនទាន់បានតាមសេចក្ដីប្រាថ្នាក៏ពិតមែនតែវាជួយបន្ធូរបន្ទុកជីវភាពបានខ្លះៗដែរ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់