ប្រមុខប្រដាល់គុនខ្មែរ ព្រមានមន្ត្រីបច្ចេកទេសដោយមនោសញ្ចេតនា

មាស សុផាណារ៉ុង April 8, 2019


 

ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៊ឺន បានធ្វើការព្រមានដល់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធដែលបំពេញការងារមិនសុក្រិត។ លោកព្រមានធ្ងន់ៗថា ការងារផ្ទាល់ខ្លួនរបស់មន្ត្រីម្នាក់ៗ គឺជាបន្ទាត់វាស់ឲ្យដឹងថាតើខ្លួនមានសមត្ថភាព ឬក៏គ្មានសមត្ថភាព ហើយខ្លួនបំពេញការងារដោយយុត្តិធម៌ ឬមិនយុត្តិធម៌?

ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៊ឺន បានបញ្ជាក់ថា លោកមិនបណ្ដេញនរណាចេញពីសហព័ន្ធនោះទេ តែបើមន្ត្រីរូបនោះបំពេញការងារដោយមិនប្រក្រតីនោះក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធនឹងចាត់ការរឿងនេះ ហើយបើក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធរកឃើញថាមានកំហុសហើយតែមន្ត្រីរូបនោះនៅតែមិនកែប្រែលោកនឹងចាត់ការតាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ។

លោកបន្តថា ពេលនេះលោកត្រូវតែកែទម្រង់មន្ត្រីបច្ចេកទេសឲ្យខាងតែបាន។ ការផ្ដល់ពិន្ទុមិនប្រក្រតី តើមានអ្វីនៅពីក្រោយខ្នងទើបគេធ្វើបែបនេះ។ ការផ្ដល់ពិន្ទុមិនយុត្តិធម៌វាមិនមែនជារឿងអាម៉ាស់របស់មន្ត្រីរូបនោះតែម្នាក់ឯងទេ តែជារឿងអាម៉ាស់របស់សហព័ន្ធ និងជាតិទាំងមូល នេះប្រសិនបើជាការប្រកួតជាមួយបរទេស។ ប្រមុខប្រដាល់គុនខ្មែររូបនេះក៏ព្រមានដល់គ្រូបង្វឹកចាស់ៗដែលតាំងខ្លួនឯងជាព្រឹទ្ធាចារ្យអង្គុយចាំតែចាប់កំហុសគេ និងបន្ទោសដល់មន្ត្រីថ្មីៗ គ្រូចាស់ៗត្រូវតែផ្ដល់នូវបទពិសោធន៍ដែលខ្លួនមានដល់មន្ត្រីថ្មីៗហើយមិនត្រូវ តាំងខ្លួនថាជាព្រឹទ្ធាចារ្យឲ្យសោះ។

សូមបញ្ជាក់ថា ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ធ្វើការព្រមានបែបនេះបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន រិះគន់ចំពោះការបំពេញការងារមិនប្រក្រតីរបស់អាជ្ញាកណ្ដាល ចៅក្រមកន្លងមក កាលពីពេលថ្មីៗនេះ នៅក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ចំនួន ៤,០៩៦នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់