ឡៅ ចិត្រា ចងចាំបរាជ័យនៅ ONE CHAMPIONSHIP និងទុកជាមេរៀនត្រៀមលើកក្រោយ!

នូ មករា April 5, 2019


ភ្នំពេញ៖ អ្នកប្រដាល់ក្បាច់គុនចម្រុះជំនាន់ថ្មី ឡៅ ចិត្រា បានបង្ហាញឱ្យដឹងនូវ ការចងចាំមួយដែលរូបគេទទួលបានក្នុងការប្រកួតលើកដំបូងនៅព្រឹត្តិការណ៍ ONE Championship ដោយបានចាញ់ពិន្ទុជើងខ្លាំងថៃ Superlek Kiatmoo នៅប្រទេសថៃកាលពាក់កណ្ដាលខែកុម្ភៈ កន្លងទៅ។

បើទោះបីជាបច្ចុប្បន្ន រូបគេកំពុងតែហ្វឹកហាត់លើប្រភេទកីឡាគុនខ្មែរយ៉ាងខ្លាំងដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីននៅចុងឆ្នាំនេះតែអ្នកប្រដាល់វ័យក្មេងចិត្តធំរូបនេះនៅតែមិនអាចភ្លេចរឿងរ៉ាវដែលខ្លួនបានប្រកួតចាញ់អ្នកប្រដាល់ថៃនៅសង្វៀន ONE Championship កន្លងទៅឡើយ។
អ្នកប្រដាល់វ័យ១៩ឆ្នាំរូបនេះបានឱ្យដឹងថា៖ «ខ្ញុំតូចចិត្តខ្លាំងណាស់ដែលវាយគេមិនត្រូវ គេរហ័សពេកមិននឹកស្មានដល់ ទោះខ្ញុំបានទស្សនាវីដេអូគេជាច្រើនក៏ដោយ។ គេមានបន្លាស់ទីលឿនខ្លាំងណាស់! ក្នុងនោះគេវ៉ៃសន្ធប់មកលើយើងតាំងពីដើមទឹកមកមិនឲ្យខ្ញុំដកឃ្លារួច ចំណែកខ្ញុំវិញវ៉ៃចេញដៃ និងជើងយឺតជាងគេហើយមានជំហរយឺតជាង Superlek ទៀតផង។»

 

ទោះបីយ៉ាងណា ឡៅ ចិត្រា បានតាំងចិត្តថានឹងធ្វើឱ្យបានល្អប្រសិនបើមានឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនេះម្តងទៀត។ សូមបញ្ជាក់ដែរថា រូបគេក៏បានស្ដារមុខមាត់ឡើងវិញដែរដោយយកឈ្នះជើងខ្លាំងថៃ Mai Soth ដោយពិន្ទុកាលចុងសប្ដាហ៍កន្លងទៅនៅសង្វៀន CNC៕

អត្ថបទ៖ ប៉ាវឡុង ជីង

រូបភាព៖ https://topsportsasia.com

មតិយោបល់