ចាន់ រតនា រំលឹករឿងឈឺចាប់ ២ក្នុងឆ្នាំ២០១៤ និង២០១៦ នៃព្រឹត្តិការណ៍ប្រកួតវៃដាក់ទ្រុង ONE Championship

នូ មករា April 3, 2019


ភ្នំពេញ៖ អ្នកប្រដាល់ក្បាច់គុនចម្រុះ ឬ MMA នៅសង្វៀន One Championship បានរំលឹករឿងឈឺចាប់២រឿងរបស់ខ្លួនក្នុងការប្រកួតកាលពីឆ្នាំ២០១៤កន្លងមក ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងកាលពីការប្រកួតក្នុងឆ្នាំ២០១៦ នៅទីក្រុងម៉ាកាវប្រទេសចិនផងដែរ។ គួររំលឹកថា កាលពីឆ្នាំ២០១៤ កីឡាកររូបនេះ ត្រូវបានអាជ្ញាកណ្ដាលនៃស្ថាប័ន One Championship កាត់ក្តីឱ្យចាញ់ កីឡាករ សំអាង ឌុន (កម្ពុជា) ដោយគិតថារូបគេបានវាយខុសបច្ចេកទេសឃាត់មិនទាន់។

ចាន់ រតនា ដែលមានវ័យ ៣៣ ឆ្នាំបានឱ្យដឹងថា៖ “កាលហ្នឹង ខ្ញុំគ្មានចេតនា ខ្ញុំដួលអស់ជំហរក៏ត្រូវជាន់ចំ ក របស់ ឌុន សំអាង ហើយបន្ទាប់មកទៀត សំអាង គេលែងវ៉ៃ រួចមកអាជ្ញាកណ្ដាលកាត់ក្ដីឲ្យ សំអាង ឈ្នះខ្ញុំតែម្ដងនៅក្នុងទឹកទី១។ ខ្ញុំតូចចិត្តខ្លាំងណាស់ ខ្ញុំយំលំបាកចិត្តខ្លាំងក្រោយពេលប្រកួតចប់។”
ក្រោយមកអ្នកទាំងពីរត្រូវបានគណៈកម្មការផ្គូផ្គងឲ្យប្រកួតជាថ្មីក្នុងនាមជាគូសងសឹកនៅខែធ្នូ ឆ្នាំ២០១៥ ដែលទីបំផុតជើងខ្លាំង ចាន់ រតនា សងសឹកបានសម្រេចដោយប្រើពេលត្រឹមទឹកទី១ វាយឱ្យ ឌុន សំអាង ចុះចាញ់ដោយអស់ចិត្ត។

រីឯក្នុងឆ្នាំ២០១៦ វិញ អ្នកប្រដាល់រូបនេះ ត្រូវបានអាជ្ញាកណ្ដាលនៃស្ថាប័ន One Championship ដដែលប្រកាសឱ្យចាញ់កីឡាករចិន Haobin Ma ផងដែរ។ រតនា បានរំលឹកថា៖ “មិនគួរណា Haobin Ma ឈ្នះខ្ញុំទេ ព្រោះគេមានប្រៀបលើខ្ញុំបានត្រឹម ទឹកទី១ តែទឹកទី២ មិនប៉ុន្មានដែរ ហើយទឹកទី៣ ខ្ញុំដេញវ៉ៃរហូត បែរជាចាញ់ទៅវិញ។ ខ្ញុំបានមើលវីដេអូឡើងវិញទៀតផង។ បើថ្ងៃក្រោយគេដាក់ឲ្យសងសឹក ខ្ញុំនឹងអាចឈ្នះ Haobin Ma ជាមិនខានទេ គឺខ្ញុំចង់សងសឹកវិញ។”


គួបញ្ជាក់ផងដែរថា ចាន់ រតនា ឡើងសង្វៀន ប្រកួតគុនចម្រុះ ឬ MMA បានចំនួន ៨ ដង ដោយឈ្នះចំនួន ៥ដងនិង ចាញ់ចំនួន ៣ដង។ ប្រកួតចុងក្រោយ ចាន់ រតនា ធ្វើឲ្យខ្ពស់មុខមាត់ខ្លួនឯងនិងប្រទេសកម្ពុជាហើយក៏ទទួលបានការចាប់អារម្មណ៍ជាសកលដោយវាយកីឡាករគុនចម្រុះ ABRO Fernandez របស់ឥណ្ឌូណេស៊ី ឲ្យចុះចាញ់ត្រឹមទឹកទី២ កាលខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះនៅប្រទេសម៉ាឡេស៊ី៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់