អបអរសាទរ! លន បញ្ញា គ្រងខ្សែក្រវាត់ Wurkz អមដោយប្រាក់រង្វាន់ ២០លានរៀល

នូ មករា April 1, 2019


ភ្នំពេញ៖ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់ Wurkz នារសៀលថ្ងៃទី៣១ ខែមីនាម្សិលមិញនេះ អ្នកប្រដាល់កម្ពុជា លន បញ្ញា មកពីសមាគមប្រដាល់ក្រសួងការពារជាតិបានយកឈ្នះអ្នកប្រដាល់ថៃ ស៊ូភើ មែន (Supper Man) ដោយពិន្ទុដាច់តែម្តង។ កាលពីជួបគ្នាក្នុងវគ្គសន្សំពិន្ទុនោះ បញ្ញា គឺជាអ្នកបរាជ័យ ខណៈដែលនៅក្នុងជំនួបផ្ដាច់ព្រ័ត្រ២ទឹកដំបូង ស៊ូភើ មែន វាយបានយ៉ាងល្អនិងមានប្រៀបទៀតផង។

យ៉ាងណាក៏ដោយ ស៊ូភើ មែន ត្រូវបានអាជ្ញាកណ្ដាលរាប់ដល់៨នៅទឹកទី២ បន្ទាប់ពីត្រូវមួយកែងរបស់របស់ បញ្ញា រួចមកដែលមួយកែងនេះមិនគួរនឹងត្រូវអាជ្ញាកណ្ដាលរាប់ ៨នោះឡើយ។ ជាមួយគ្នានេះ មានការរិះគន់ថាអាជ្ញាកណ្ដាលហាក់ដូចជាលម្អើងព្រោះក្នុងខណៈដែល បញ្ញា ត្រូវ ស៊ូភើ មែនវាយឲ្យជ្រុះកៅស៊ូការពារធ្មេញហើយស្មារតីរបស់ បញ្ញា ហាក់ដូចជាខុសប្រក្រតីដែរតែបែរជាអាជ្ញាកណ្ដាលមិនរាប់ទៅវិញ។

ជាការកត់សម្គាល់អ្នកទស្សនាមួយចំនួនបានចាត់ទុកថានេះជាចេតនាមិនល្អរបស់ លោក ម៉ាក់ សាមឿន ដែលជាអាជ្ញាកណ្ដាល ប៉ុន្តទោះបីជាពួកគេរិះគន់បែបនេះក្តីក៏ពួកនៅតែចង់ឲ្យ បញ្ញា ឈ្នះក្នុងការប្រកួតនេះ។ ជាលទ្ធផល អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញដោយចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យ លន បញ្ញា ឈ្នះគ្រប់ៗគ្នាពោលគឺ បញ្ញា បានឈ្នះដោយឯកច្ឆន្ទ។ ដូច្នេះ រូបគេបានក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានរង្វាន់អម ២០.០០០.០០០រៀល ចំណែកឯ ស៊ូភើ មែន បានត្រឹមជាជើងឯករងដែលមានពានអមដោយទឹកប្រាក់ ១២.០០០.០០០រៀល៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់