អបអរសាទរ! វ៉ាន់ វឿន ក្លាយជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ ក្រោយផ្តួល លាប រដ្ឋា ដោយជោគជ័យ

នូ មករា March 31, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍បានបញ្ចប់ហើយនាល្ងាចថ្ងៃទី៣០ ខែមីនាម្សិលមិញនេះដោយអ្នកប្រដាល់ លាប រដ្ឋា មកពីក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យបានប្រកួតចាញ់កីឡាករ វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុដាច់តែម្ដងបន្ទាប់ពីប្រកួតគ្នា ៥ទឹកពេញរួចមកនោះ។ អ្នកប្រដាល់ទាំង២រូបនេះពេលប្រកួតសន្សំពិន្ទុពួកគេដណ្ដើមបានជ័យជម្នះទាំង ៤ប្រកួតដូចគ្នាថែមទាំងវាយគូប្រកួតឲ្យសន្លប់ទាំង ៤ប្រកួតដូចគ្នាទៀតផង។

សូមបញ្ជាក់ថា រដ្ឋា គឺជាអ្នកប្រដាល់ដែលស្ទើរកម្ពស់ជាង វ៉ាន់ វឿន និងមានប្រវត្តិប្រកួតចំនួន ៥៧ដង ឈ្នះ ៤៣ដង ចាញ់ ១២ដង និងស្មើពិន្ទុ២ដង។ ចំពោះវ៉ាន់ វឿន វិញមានប្រវត្តិប្រកួតចំនួន ៧៣ដង ឈ្នះ ៥៩ដង ចាញ់ ១២ដង និងស្មើពិន្ទុ ២ដង។ ជាធម្មតា លាប រដ្ឋា វាយបានល្អ មានចិត្តធំ ភាពអំណត់ខ្ពស់ ប៉ុន្តែនៅក្នុងពេលប្រកួតជាមួយ វ៉ាន់ វឿន រូបគេបែរជាវាយចេញមិនរួចឡើយពោលគឺបានត្រឹមតែការពារចំពោះការវាយបកសងវិញប៉ុណ្ណោះ ពោលគឺវាយចេញមិនរួចឡើយ។ ជាពិសេស រដ្ឋា ត្រូវ វ៉ាន់ វឿន វាយមួយកែងនៅទឹកទី២តែមិនធ្ងន់ធ្ងរនោះទេ ប៉ុន្តែនៅទឹកទី៥ លាប រដ្ឋា ក៏ត្រូវអាជ្ញាកណ្ដាលរាប់ ៨ចំនួន ២លើកមុននឹងចប់ការប្រកួត។

លទ្ធផលនៃជំនួបផ្ដាច់ព្រ័ត្រនេះគឺចៅក្រមទាំង ៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យ វ៉ាន់ វឿន ឈ្នះគ្រប់ៗគ្នា ដូច្នេះ រូបគេបានក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានទឹកប្រាក់អមចំនួន ២០លានរៀលចំពោះ រដ្ឋា ដែលជាជើងឯករងបានទទួលពានមួយអមដោយទឹកប្រាក់ ១២លានរៀល៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់