ម្ចាស់ជើងឯក World Lethwei Championship ចង់ប៉ះ កម្ពុជាម្ដងទៀតក្រោយចាញ់នៅបាត់ដំបង

មាស សុផាណារ៉ុង March 29, 2019


 

ភ្នំពេញ៖ បន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់កម្ពុជា រិទ្ធ ភូលូ នៅក្នុងកម្មវិធីប្រដាល់មួយរបស់ខេត្តបាត់ដំបងកាលពីពាក់កណ្ដាលខែមីនាកន្លងទៅនេះ អតីតម្ចាស់ជើងឯក World Lethwei Championship ទម្ងន់ light welterweight ជនជាតិព័រទុយហ្គាល់ António Faria បានបង្ហាញមហ្ឆិតារបស់ខ្លួនថា ចង់ប្រកួតសងសឹកកីឡាករកម្ពុជាម្ដងទៀត ដើម្បីស្ដារមុខមាត់របស់ខ្លួនឡើងវិញ។

អ្នកប្រដាល់ជនជាតិព័រទុយហ្គាល់ បានឱ្យដឹងថា៖ «ខ្ញុំចូលចិត្តប្រកួតនៅកម្ពុជា។ ប្រជាជនកម្ពុជាស្រលាញ់កីឡាមួយនេះណាស់ ហើយនេះគឺជាការជំរុញទឹកចិត្តយ៉ាងខ្លាំងដើម្បីឱ្យកីឡាករប្រកួតឱ្យល្អមើល។ ពេលខ្លះ ចាញ់ឬឈ្នះមិនសំខាន់ដូចការវ៉ៃឱ្យបានល្អនោះទេ។ ប្រហែលមួយខែទៀត ខ្ញុំរួចរាល់សម្រាប់ការប្រកួតសងសឹកហើយ។»

Faria និយាយថាទៀត៖ «ប្រជាជនកម្ពុជាគឺស្វិតស្វាញនិងមានបេះដូងធំទូលាយ។ គ្រប់គ្នានៅទីនេះពិតជារួសរាយណាស់ ហើយពួកគេស្រលាញ់ការវ៉ៃ។ នៅប្រទេសរបស់ខ្ញុំ នៅពេលអ្នកនិយាយថាអ្នកជាកីឡាករប្រដាល់ ពួកគេមើលមកអ្នកដូចមនុស្សចម្លែក ប៉ុន្ដែនៅទីនេះផ្សេង។ ខ្ញុំពិតជាចូលចិត្តការប្រកួតមួយនេះណាស់ វាជាការប្រកួតរបស់អ្នកប្រយុទ្ធដ៏ពិតប្រាកដសម្រាប់ខ្ញុំ។»

ការប្រកួតដ៏ស្វាហាប់រវាង Faria និង ភូលូ បានធ្វើឱ្យទស្សនិកជនដែលចូលទស្សនាផ្ទាល់ក្នុងសង្វៀនស្រុកឯកភ្នំ ហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង ហើយអាចនិយាយបានថាទស្សនិកជនពិតជាមានក្ដីសោមនស្សក្នងការឃើញកីឡាករបរទេសមកប្រកួតជាមួយកីឡាករដ៏មានទេពកោសល្យរបស់កម្ពុជា៕

 

រូបភាព៖ thefightnation / mmtimes

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់