វ៉ាន់ វឿន ប្រជែងជាមួយ លាប រដ្ឋា នៅថ្ងៃសៅរ៍នេះ ដើម្បីដណ្តើមខ្សែក្រវាត់ខារ៉ាបាវ

នូ មករា March 28, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នឹងឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រហើយនៅរសៀលថ្ងៃទី៣០ ខែមីនានេះ បន្ទាប់ពីបានចាប់ផ្ដើមតាំងពីថ្ងៃទី១២ ខែមករាមកម្ល៉េះដោយមានអ្នកប្រដាល់ថៃ ៤រូប និងអ្នកប្រដាល់កម្ពុជា ៤រូបប្រជែងគ្នា។ សម្រាប់បទបញ្ជាប្រកួតក្នុងព្រឹត្តិការណ៍នេះគឺអ្នកលេខ១ ក្នុងពូលរបស់អ្នកប្រដាល់ថៃត្រូវប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកលេខ១ ក្នុងពូលរបស់កម្ពុជា។ យ៉ាងណាក៏ដោយ ក្នុងការប្រកួតលើកនេះសហព័ន្ធប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងអ្នកឧបត្ថម្ភបានឯកភាពគ្នាប្ដូររូបមន្តប្រកួតដោយសារតែអ្នកប្រដាល់ថៃទាំង៤រូបសុទ្ធតែមិនបានស្គាល់ជ័យជម្នះមួយប្រកួតណាសោះឡើយ។ ក្នុងស្ថានភាពបែបនេះគេបានឯកភាពគ្នាប្ដូរបទបញ្ជាប្រកួតដោយសម្រេចឲ្យអ្នកប្រដាល់កម្ពុជា លាប រដ្ឋា មកពីក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យដែលបានលេខ១ ក្នុងពូលកម្ពុជាប្រកួតផ្ដាច់ព្រ័ត្រជាមួយ វ៉ាន់ វឿន របស់ក្លិបឃ្លាំងមឿងកីឡាដែលបានលេខ២ ក្នុងពូលនោះ។


តាមពិតអ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែឈ្នះគូប្រកួតដោយវាយឲ្យសន្លប់ទាំង៤ប្រកួតដូចគ្នាប៉ុន្តែ រដ្ឋា គេបានប្រើពេលវេលាខ្លីជាង វ៉ាន់ វឿន ដើម្បីផ្ដួលគូប្រកួត ។ សម្រាប់អ្នកប្រដាល់ទាំង២រូបនេះ វ៉ាន់ វឿន មានផ្លែវាយល្អជាងតែអ្នកប្រដាល់រូបនេះអន់ជើងក្រោម មួយវិញទៀត គេវាយល្អជាមួយអ្នកប្រដាល់បរទេសតែពេលប្រកួតជាមួយអ្នកប្រដាល់រួមជាតិវិញភាគច្រើន រូបគេត្រូវបានគូប្រកួតទាត់ឲ្យខូចជើង។ សូមបញ្ជាក់ថា វ៉ាន់ វឿន មានប្រវត្តិប្រកួតចំនួន ៧៣ដង ឈ្នះ ៥៩ដង ចាញ់ ១២ដង និងស្មើពិន្ទុ ២ដង ។ ចំពោះ រដ្ឋា វិញមានប្រវត្តិប្រកួតចំនួន ៥៧ដង ឈ្នះ ៤៣ដង ចាញ់ ១២ដង និងស្មើពិន្ទុ២ដង។ អ្នកប្រដាល់ទាំង ២រូបនេះពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកទេ ដូច្នេះ ចាំមើលតើនរណាគឺជាម្ចាស់ខ្សែក្រវាត់?

ចំពោះគូប្រកួតអមជាលក្ខណៈមិត្តភាពអន្តរជាតិវិញនោះ កីឡាករ ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិត្រូវជួបជាមួយអ្នកប្រដាល់វ័យចំណាស់ថៃសាំង យុទ្ធ (Saing Yuth) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។ សារ៉ា គឺជាអ្នកប្រដាល់ដែលមានកែងរហ័ស មុត និងអាចវាយចេញបានគ្រប់ស្ថានភាពជំហរ ចំណែកឯ សាំង យុទ្ធ វិញគឺជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់រហ័សដែរ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់