សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា ត្រៀមបញ្ជូនកីឡាករ៧រូប ទៅហាត់នៅថៃរយៈពេលខ្លី

មាស សុផាណារ៉ុង March 27, 2019


 

ភ្នំពេញ៖ តាមការឲ្យដឹងពីសហព័ន្ធប្រដាល់សាកលកម្ពុជា នោះថាសហព័ន្ធនឹងបញ្ចូន កីឡាករ-កីឡាការិនី របស់ខ្លួនចំនួន៧រូប ទៅហ្វឹកហាត់រយៈពេលខ្លីនៅប្រទេសថៃ។ ការចេញទៅហ្វឹកហាត់នេះគឺសហព័ន្ធជាអ្នកចំណាយដោយខ្លួនឯង និងដោយការជួយខ្លះពីសហព័ន្ធប្រដាល់សាកល របស់ថៃ។

ការចេញទៅហ្វឹកហាត់នេះគឺគ្រោងនឹងចាប់ផ្ដើមពី ថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមេសា ដែលអមដោយគ្រូបង្វឹក ២រូប គឺលោក វ៉ែន សុផល ជាគ្រូជម្រើសជាតិ និងគ្រូជនជាតិគុយបាគឺ លោក Rolando Castellano Rodriquez ជាគ្រូបង្វឹកអមជម្រើសជាតិ។

លោក វ៉ែន សុផល បានឲ្យដឹងថាក្នុងចំណោមអ្នកប្រដាល់សាកលទាំង៧រូប ដែលត្រូវចេញទៅហាត់នោះមាន កីឡាការិនីចំនួន២រូបគឺ កីឡាការិនី វី ស្រីខួច ដែលប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និង កីឡាការិនី នូវ ស្រីពៅ ទម្ងន់ ៥១គីឡូក្រាម។ ចំពោះកីឡាករទាំង៥រូបវិញមាន សៅ រង្សី ទម្ងន់៤៩គីឡូក្រាម, ណាត សៀកនិន ទម្ងន់៥៦គីឡូក្រាម, បាន ណុន ទម្ងន់៦០គីឡូក្រាម យ៉ុន ដារ័ត្ន ទម្ងន់៦៤គីឡូក្រាម និងអ្នកប្រដាល់ វី សុភ័ស្ស ទម្ងន់៦៩គីឡូក្រាម។

គ្រូបង្វឹករូបនេះបានបញ្ជាក់ថាឆ្នាំនេះជាឆ្នាំស៊ីហ្គេម ហើយមុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់នោះសហព័ន្ធត្រៀមចូលរួមការប្រកួតច្រើនហេតុនេះព្រឹត្តិការណ៍ក្រៅប្រទេសនានាកម្ពុជាត្រូវតែចូលរួមដើម្បីឲ្យមានការប្រកួតច្រើន ព្រោះនៅក្នុងស្រុកមិនមានការប្រកួតប្រដាល់សាកលច្រើនដូចប្រដាល់គុនខ្មែរឡើយ។ បណ្ដាទូរទស្សន៍នានា និងក្រុមហ៊ុនឧបត្ថម្ភនានាគេមិនត្រូវការដាក់ប្រដាល់សាកលទៅក្នុងកម្មវិធីប្រកួតឡើយហេតុនេះសហព័ន្ធត្រូវតែតស៊ូដោយខ្លួនឯង។

គោលដៅធំរបស់សហព័ន្ធគឺមេដាយនៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហេតុនេះត្រូវតែផ្ដល់ឱកាសឲ្យពួកគេបានសាកល្បងសមត្ថភាពនៅក្រៅប្រទេសឲ្យបានច្រើន៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់