ប្រដាល់សកល និងគុនខ្មែរ នៅតែស្អិតចូលគ្នាដូចស្ករ ខណៈអ្នកជំនាញជំរុញឱ្យដាច់ពីគ្នា

នូ មករា March 11, 2019


ភ្នំពេញ៖ បន្ទាប់ពីប្រកាសបែកចែកគ្នាជា ២ រវាងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរតាំងពីឆ្នាំ២០១៧រួចមក មកដល់បច្ចុប្បន្ននេះ គេបានសង្កេតឃើញថាការងារជាច្រើនទាំងវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ជំនាញរដ្ឋបាលកីឡា និងការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំសឹងតែ ៩៩% បានរៀបចំចូលក្នុងក្នុងគម្រោងចំណាយតែ ១ ខណៈដែលសហព័ន្ធទាំងពីរសុទ្ធតែទទួលបានគម្រោងចំណាយរបស់ក្រសួងអប់រំផ្សេងគ្នានោះ។

តាមរយៈការទ្រទ្រង់ថវិកាពីក្រសួងអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំក្នុងការអភិវឌ្ឍដូចជាបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ជំនាញរដ្ឋបាលកីឡា និងការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំផងនោះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាមានថវិកាខ្ទង់ ៨០ លានរៀល ខណៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានថវិកាទ្រទ្រង់ចំនួន ១០០លានរៀល។ ហេតុនេះមន្ត្រីជំនាញកីឡាបានជំរុញថា គួរតែមានសកម្មភាពផ្តាច់ចេញពីគ្នាដើម្បីស្វែងរកភាពរីកចម្រើនដូចគ្នាព្រោះសហព័ន្ធខុសគ្នាចាយលុយផ្សេងពីគ្នាហើយសមាសភាពថ្នាក់ដឹកនាំក៏គួរកែសម្រួលកុំឲ្យត្រួតស៊ីគ្នាច្រើនពេក។

អគ្គលេខាធិការ NOCC និងជាអ្នកជំនាញកីឡានៅកម្ពុជា លោក វ៉ាត់ ចំរើន បានឱ្យដឹងថា៖ «វាល្មមដល់ពេលសហព័ន្ធទាំង ២ ចែកគ្នាឲ្យដាច់ ព្រោះកីឡាមួយប្រភេទគឺមានលក្ខខណ្ឌ និងច្បាប់ខុសពីគ្នា តាមទស្សនៈរបស់ខ្ញុំ អ្នកប្រដាល់សកលដែលកំពុងហ្វឹកហាត់ជម្រើសជាតិមិនគប្បីឲ្យទៅប្រកួតគុនខ្មែរនោះទេ វាមិនចំគោលដៅ ដែលយើងបណ្តុះបណ្តាលសម្រួចទៅរកមេដាយហើយការបណ្តោយឲ្យគាត់ទៅប្រកួតគុនខ្មែរតាមសង្វៀនឯកជនដើម្បីរកប្រាក់វាជារឿងខុសឆ្គងមួយ ដែលគួរតែខិតខំចៀសវាងឲ្យបាន»

លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «ប្រដាល់សកលបើសិនប្រឹងប្រែងខ្លាំងប្រកួតដណ្តើមបានមេដាយលើឆាកអន្តរជាតិគឺទទួលបានរង្វាន់ច្រើនណាស់ ប៉ុន្តែកីឡាករយើងបច្ចុប្បន្នមិនសម្លឹងឲ្យឆ្ងាយគឺគិតតែប្រកួតភ្លាមបានលុយភ្លាមក្នុងគុនខ្មែររាល់សប្តាហ៍។ ហេតុនេះ ខ្ញុំលើកទឹកចិត្តឲ្យសហព័ន្ធប្រដាល់ទាំង ២ ខិតខំធ្វើសកម្មភាពដាច់ដោយឡែកពីគ្នាក្នុងការប្រកួត ហើយសមាសភាពថ្នាក់ដឹកនាំគួរតែពិនិត្យឡើងវិញ ព្រោះក្នុងឋានៈជាស្ថាប័នកីឡា NOCC មិនអាចលូកដៃចូលផ្ទៃក្នុងសហព័ន្ធកីឡាជាតិបានទេ»

ពាក់ព័ន្ធករណីនេះ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានលើកឡើងថា៖ «តាមគោលការណ៍សហព័ន្ធផ្សេងគ្នាគឺត្រូវតែមានសកម្មភាពដាច់ដោយឡែកពីគ្នាតែប្រភពដើមនៃសហព័ន្ធទាំង ២ នៅជាមួយគ្នា ហើយបច្ចុប្បន្នបែកចេញពីគ្នាមានថវិកាទ្រទ្រង់ផ្សេងគ្នាគឺគប្បីចេញពីគ្នា ប៉ុន្តែរឿងនេះនៅលើថ្នាក់ដឹកនាំមានប្រធានសហព័ន្ធជាដើមទើបសម្រេចបាន»។ ជាមួយគ្នានេះ លោកបានទទួលស្គាល់ថា៖ «ពីដំបូងយើងត្រូវការសហការគ្នាដើម្បីជួយឲ្យដំណើរការបាន ព្រោះយើងខ្វះធនធានមនុស្សប៉ុន្តែបច្ចុប្បន្នយើងអាចផ្តាច់ចេញពីគ្នាបានហើយដោយសារយើងដំណើរការបាន ៣ ឆ្នាំគឺមានសមត្ថភាពដោយខ្លួនឯងបាន»។ ទោះបីយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីសម្រេចរបស់ NOCC ក៏ដូចជាក្រសួងអប់រំ កាលពីខែកុម្ភៈឆ្នាំ២០១៩ គេសង្កេតឃើញថា សមាសភាពថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់សកល និងប្រដាល់គុនខ្មែរ ៩៩ ភាគរយគឺមនុស្សតែមួយ៕ ប៉ាវឡុង ជីង

មតិយោបល់