លាប រដ្ឋា កាន់តែមានជំនឿចិត្តប្រជែងយកកៅអីផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវ!

នូ មករា March 5, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍នឹងឈានមកដល់ទីបញ្ចប់នៃវគ្គប្រកួតសន្សំពិន្ទុដើម្បីប្រជែងយកកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រហើយ ថ្ងៃទី៩ ខែមីនាខាងមុខនេះ។ ជាមួយគ្នានេះដែរអ្នកប្រដាល់កម្ពុជា លាប រដ្ឋា កំពុងតែឈរនៅលំដាប់កំពូលជាបណ្ដោះអាសន្ន ខណៈដែលគេនៅសល់មួយប្រកួតចុងក្រោយទៀត។ សម្រាប់ រដ្ឋា ៣ប្រកួតកន្លងមកនោះគេប្រើពេលតែ ៦ទឹកប៉ុណ្ណោះ។ ចំណែកគូប្រកួតចុងក្រោយរបស់គេគឺអ្នកប្រដាល់ថៃ យ៉ត វណ្ឌី (Yorth Vandy) ដែលជាអ្នកប្រដាល់មានកណ្ដាប់ដៃធ្ងន់អស្ចារ្យណាស់ ។ ប៉ុន្តែ រដ្ឋា ក៏ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ល្អដែរទោះបីគេហាក់មានកម្ពស់ទាបជាងគូប្រកួតបន្តិចក៏ពិតមែន។ ជាការកត់សម្គាល់ សម្រាប់ រដ្ឋា កាលប្រកួតដំបូង គេបានផ្ដួលគូប្រកួតនៅទឹកទី១ រីឯប្រកួតលើកទី២ឈ្នះនៅទឹកទី៤ និងលើកទី៣ឈ្នះក្នុងទឹកទី១ ហេតុនេះប្រសិនបើគេអាចប្រើពេលត្រឹម ១ទឹកនោះកៅអីវគ្គផ្ដាច់ព្រ័ត្រនឹងក្លាយជារបស់គេមិនខាន។

ផ្ទុយទៅវិញ ប្រសិនបើអូសបន្លាយដល់ទៅ២ទឹកនោះលទ្ធផលគឺនៅស្រពិចស្រពិលហើយ ព្រោះ វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងកីឡាដែល ៤ប្រកួតរបស់គេប្រើពេល ៨ទឹកដោយប្រកួតលើកទី១ផ្តួលគូប្រកួតទឹកទី៣, លើកទី២ឈ្នះទឹក១, លើកទី៣ឈ្នះទឹក៣ និង លើកទី៤ឈ្នះទឹក១។ សូមបញ្ជាក់ថា អ្នកប្រដាល់ លាប រដ្ឋា ដែលមានប្រវត្តិប្រកួតចំនួន ៥៦ដង ឈ្នះ៤២ដង ចាញ់១២ដងស្មើពិន្ទុ២ដង រូបនេះបានប្ដេជ្ញាហើយថាគេនឹងព្យាយាមប្រើពេលឲ្យបានខ្លីបំផុតដើម្បីផ្ដួលអ្នកប្រដាល់ យ៉ត វណ្ឌី ដែលមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៨ដង ចាញ់១៥ដងមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ។ យ៉ាងណាក៏ដោយ សង្ឃឹមថា រដ្ឋា នឹងជួបសំណាងកាន់តែល្អនៅក្នុងការប្រកួតចុងក្រោយនេះ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់