TV5 Boxing Knock-Out: រកឃើញអ្នកឆ្លងផុតវគ្គជម្រុះជុំទី១ បណ្តើរៗហើយ!

នូ មករា March 4, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement រជ្ជកាលថ្មី ទម្ងន់៥១គីឡូក្រាមមានអ្នកប្រដាល់២រូបហើយដែលបានឆ្លងផុតវគ្គជម្រុះជុំទី១មុនគេ ពោលគឺកីឡាករ ម៉ន ភារម្យ របស់ក្លិបការិយាល័យទី៥កងទ័ពជើងគោកដែលបានយកឈ្នះអ្នកប្រដាល់ជើងខ្លាំង ប៊ុន គន្ធា មកពីសមាគមប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ។

 

ក្នុងការប្រកួតដែលមានតែ៣ទឹកនោះនរណាក៏មានជំនឿចិត្តថា គន្ធា មានឱកាសយកឈ្នះលើ ភារម្យ ដែលជាអ្នកប្រដាល់ចូលចិត្តឌឺនោះ ប៉ុន្តែគ្រាន់តែស្នូរជួងនៃការចាប់ផ្ដើមទឹកទី១ បន្លឺឡើងភ្លាមនោះ ភារម្យ ចាប់ផ្ដើមបើកការវាយសម្រុកភ្លាមៗ ជាហេតុធ្វើឱ្យ គន្ធា ដែលចូលចិត្តប្រើកែង និងជង្គង់ផ្ដួលគូប្រកួតនោះបែរជាវាយចេញមិនរួចហើយបានត្រឹមតែការពារប៉ុណ្ណោះ។ ជារួមក្នុងការប្រកួត៣ទឹកនេះ ភារម្យ មានប្រៀបលើ គន្ធា ទាំង៣ទឹកតែម្ដង ដូចនេះ ចប់ការប្រកួត ម៉ន ភារម្យ បានទម្លាក់ ប៊ុន គន្ធា ឲ្យខ្ទាតចេញពីការប្រកួតទាំងព្រលឹមអុរតែម្ដង។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ ចាន់ សាន់ មកពីក្លិបតាព្រមានជ័យបានយកឈ្នះអ្នកប្រដាល់ រិទ្ធ ប្រាក់បិន្ដ ដោយពិន្ទុដែរ ។ ហេតុនេះ ប្រាក់បិន្ដ ត្រូវខ្ទាតចេញពីការប្រកួតនៅជុំទី២ តែម្ដង ចំណែកឯ ចាន់ សាន់ បានកក់កៅអីសម្រាប់បន្តការប្រកួតជម្រុះនៅជុំទី២ដែលមានកម្រិតប្រកួតធ្ងន់ជាងនេះ។ ចំពោះការប្រកួតមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា វេង សុភ័ក្រ្ត មកពីក្លិបទ័ពឆ័ត្រយោង៩១១ បានប្រកួតចាញ់អ្នកប្រដាល់ថៃ លូម លេង (Loom Leng) ដោយពិន្ទុ។ អាចនិយាយបានថា សុភ័ក្រ្ត វាយបានល្អហើយព្រោះបើវាយមិនបានល្អច្បាស់ទេ គឺប្រាកដជាសន្លប់ដោយសារទម្ងន់ជើងរបស់អ្នកប្រដាល់ថៃ លូម លេង បាត់ទៅហើយ! នាពេលកន្លងមកមានអ្នកប្រដាល់ខ្លាំងៗរបស់កម្ពុជាមិនតិចនាក់ទេដែលត្រូវដួលសន្លប់ក្រោមទម្ងន់ជើងរបស់កីឡាករថៃនេះ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់