TV5 Boxing Knock-Out ចាប់ផ្តើមប្រកួតជើងខ្លាំងទម្ងន់ ៥៤គីឡូក្រាម

នូ មករា March 1, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-cement នឹងចាប់ផ្ដើមប្រភេទទម្ងន់ថ្មីទៀតហើយគឺទម្ងន់៥៤គីឡូក្រាម ចាប់ពីថ្ងៃទី២ ខែមីនាហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនោះ ដោយមានអ្នកប្រដាល់ចំនួន ៣២រូបដែលមក ៣២សមាគម-ក្លិបមកចូលរួមក្នុងការប្រកួតដែលមានតែ៣ទឹកបនេះ ហើយអ្នកចាញ់នឹងត្រូវខ្ទាតចេញពីការប្រកួតចំពោះអ្នកឈ្នះនឹងឡើងប្រកួតបន្តទៀត។ ការប្រកួតជម្រុះចែកចេញជា ៣ជុំដែលជុំទី១ ជម្រុះពី ៣២រូបមកនៅ១៦រូប។ ចំណែកជុំទី២ ជម្រុះពី១៦រូបមកនៅ៨រូប និងជុំទី៣ជម្រុះពី៨រូបទុក៤រូបដើម្បីប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សម្រាប់អ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រកួតគ្នាដណ្ដើមពានជើងឯកដែលមានរង្វាន់អម ៤.០០០ដុល្លារ រីឯអ្នកចាញ់បាន ២.០០០ដុល្លារ។ ចំពោះអ្នកចាញ់វគ្គពាក់
កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ដែលអ្នកឈ្នះមានរង្វាន់ ៧៥០ដុល្លារ និងអ្នកចាញ់មានរង្វាន់ ៥០០ដុល្លារ។

សម្រាប់ការប្រកួតនៅថ្ងៃទី២ ខែមីនាដែលជាថ្ងៃដំបូងការប្រកួតមានចំនួន២គូគឺអ្នកប្រដាល់ ម៉ន ភារម្យ មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោកប្រកួតជាមួយអ្នកប្រដាល់ ប៊ុន គន្ធា របស់សមាគមប្រដាល់ក្រសួងការពារជាតិ។ ភារម្យ ជាអ្នកប្រដាល់ចូលចិត្តសម្ដែងកាយវិការចំអកឲ្យគូប្រកួតណាស់។ ចំពោះ គន្ធា វិញគេជាអ្នកប្រដាល់ដែលមានភាពអត់ធ្មត់ច្រើនតែជង្គង់ និងកែងរបស់គេគឺមុតស្រួចណាស់។ ការប្រកួតនេះគេជឿថា គន្ធា មានឱកាសឈ្នះច្រើនជាង ភារម្យ ហើយ។ ចំណែក រិទ្ធ ប្រាក់បិន មកពីក្លិបកងពលតូចលេខ៧០ប្រកួតជាមួយ ចាន់ សាន់ ក្លិបថ្មគោលខេត្តបាត់ដំបងដោយអ្នកប្រដាល់ទាំង២រូបនេះមានសមត្ថភាពមិនលើសខ្វះគ្នាទេ ដូចនេះ តើនរណានឹងខ្ទាតចេញហើយនរណានឹងប្រជែងបានកៅអីសម្រាប់ការប្រកួតជម្រុះនៅជុំទី២បន្តទៀត?
អត្ថបទ៖ វ៉ាន្នី

មតិយោបល់