ពុទ្ធ ឆាយរិទ្ធី ស្វាគមន៍អ្នកប្រដាល់ថៃចំណូលថ្មីលើសង្វៀន Boostrong Fighter on Fire

នូ មករា March 1, 2019


ភ្នំពេញ៖ លើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី៣ ខែមីនាអ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្សនឹងជួបប្រកួតជាមួយអ្នកប្រដាល់ចំណូលថ្មីឆ្លងដែនមកពីស្រុកថៃឈ្មោះ មី ឈុក (Mee Chhuok) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។ មិនមាននរណាដឹងថាអ្នកប្រដាល់ថៃរូបនេះខ្លាំង ឬខ្សោយនោះទេ ប៉ុន្តែបើតាម លោក ថៃ អ៊ូ ដែលជាអ្នកនាំអ្នកប្រដាល់បរទេសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍បានឱ្យដឹងថា រូបគេមានសមត្ថភាពសមល្មមនឹងប្រកួតជាមួយ ពុទ្ធ ឆាយរិទ្ធី។

សម្រាប់កីឡាករកម្ពុជា ពុទ្ធ ឆាយរិទ្ធី វិញគឺជាអ្នកប្រដាល់ដែលមានឈ្មោះបោះសំឡេងគ្រាន់បើដែរនៅក្នុងស្រុកខ្មែរនេះ រូបគេតែងវាយដោយរបៀបខ្ជះខ្ជាយកម្លាំងណាស់ព្រោះគេមានមហិច្ឆិតាផ្ដួលគូប្រកួតឲ្យបានលឿន ហើយពេលខ្លះគេបំពានលើគូប្រកួតដោយវាយបន្ថែមក្នុងខណៈដែលគូប្រកួតដួល ឬពេលអាជ្ញាកណ្ដាលឃាត់ទៅហើយនោះ។ កីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន ១១៦ដង ឈ្នះ៨៩ដង ចាញ់២៥ដង និងស្មើពិន្ទុ២ដង។ ចំពោះ មី ឈុក វិញគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៩ដង និងចាញ់១០ដង។ ក្នុងជំនួបមួយនេះមិនដឹងថានរណាឈ្នះ នរណាចាញ់នោះទេ!
អត្ថបទ៖ វ៉ាន្នី

មតិយោបល់