ម៉ន សាម៉េត និង ធន អៀងឡៃ ប្រជែងគ្នាដើម្បីក្លាយជាម្ចាស់ពាន TV5 Boxing Knock-Out ?

នូ មករា February 20, 2019


ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈខាងមុខនេះព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាមនឹងឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយដោយអ្នកប្រដាល់ ម៉ន សាម៉េត មកពីក្លិបកងចក្ររាជសីហ៍ត្រូវប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ជើងថ្មី ធន អៀងឡៃ របស់សមាគមប្រដាល់ក្រសួងការពារជាតិ ហើយអ្នកប្រដាល់ទាំង២រូបនេះមិនទាន់ស្គាល់ចាញ់ដូចគ្នានៅក្នុងព្រឹត្តិការណ៍នេះ។

គួររំលឹកថា ៤ប្រកួតក្នុងព្រឹត្តិការណ៍នេះរបស់ ធន អៀងឡៃ គឺឈ្នះ អេរ៉ាវ៉ាន់ ចាន់រាជ មកពីក្លិបកុសលកីឡាដោយពិន្ទុបន្ទាប់មកឈ្នះ សេក គឹមសាន្ត មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបនៅទឹកទី១ រួចឈ្នះសិស្សច្បងរបស់គេ សៀវ ង៉ុយ របស់ក្លិបកងពលធំអន្តរាគមន៍លេខ២ដោយពិន្ទុ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានផ្ដួលជើងខ្លាំង បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាកនៅទឹកទី១។ ចំពោះ សាម៉េត វិញ៤ប្រកួតរបស់គេដំបូងឈ្នះ ឯម សុធី មកពីក្លិបថ្មគោលខណ្ឌពោធិ៍សែនជ័យដោយពិន្ទុ ក្រោយមកឈ្នះសិស្សរួមគ្រូ រឿន សុខលី មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោកនៅទឹកទី២ ហើយបន្តឈ្នះ យុគ យក្សផ្លែ មកពីក្លិបបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុ និងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានផ្តួល គួន ប៊ុនហ៊ីម មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយពិន្ទុ។

សូមបញ្ជាក់ថា នេះគឺជាការប្រកួតដ៏តឹងតែងមួយដែលទាំងសងខាងសុទ្ធតែខិតខំដើម្បីក្លាយជាម្ចាស់ពានដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារ រីឯអ្នកចាញ់បាន ២.០០០ដុល្លារ។ ចំពោះគូប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះ បឺត សង្ឃឹម របស់ក្លិបសាលវ័ន្ដកីឡាត្រូវប្រជែងជាមួយ គួន ប៊ុនហ៊ីម មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង។ សម្រាប់អ្នកប្រដាល់ទាំង២រូបនេះនរណាប្រជែងបានតំណែងលេខ៣ នឹងមានប្រាក់រង្វាន់អមចំនួន ១០០០ដុល្លារ ចំពោះអ្នកចាញ់បាន៧០០ដុល្លារ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់