សហព័ន្ធប្រដាល់គុនខ្មែរ បង្កើនប្រសិទ្ធភាពការងារឆ្នាំថ្មី និងពង្រឹងការប្រមូលផ្ដុំកីឡាថ្នាល

នូ មករា February 12, 2019


ភ្នំពេញ៖ សមាជិកប្រតិបត្តសហព័ន្ធប្រដាល់គុនខ្មែរបានរៀបចំការប្រជុំពិសេសមួយនាថ្ងៃទី១១ ខែកុម្ភៈម្សិលមិញដើម្បីប្រមូលគំនិតពង្រឹងគុណភាពការងារ គុណភាពកីឡាករ គុណភាពនៃការប្រកួត មន្ត្រីបច្ចេកទេសពិសេសការប្រមូលផ្ដុំកីឡាថ្នាល។ ជាមួយនឹងការប្រគល់លិខិតតែងតាំងជាផ្លូវការដល់ លោក ហេង សុឃន ជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរផងនោះ សហព័ន្ធក៏បានបែងចែកការងារដល់អនុប្រធានទាំង៣របស់សហព័ន្ធដែរ។ ក្នុងនោះ លោកឧត្តមសេនីយ៍ វ៉ា ស៊ិនភិរម្យ ទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាវិន័យ និងជាប្រធានអនុគណៈកម្មការវិន័យ ចំណែក លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ទទួលបន្ទុកបច្ចេកទេស និងជាប្រធានអនុគណៈកម្មការសង្គ្រោះ ខណៈដែល លោក ហេង សុឃន ទទួលបន្ទុកឃោសនា ផ្សព្វផ្សាយព័ត៌មាន និងហិរញ្ញវត្ថុ។


ជាមួយគ្នានេះសហព័ន្ធបានបង្កើតអនុគណៈកម្មការមួយចំនួនដើម្បីជាជំនួយក្នុងកិច្ចការងារដូចជាអគ្គលេខាធិការដ្ឋានដែលមានសមាជិក ១០រូបនោះមាន លោក ម៉ិល កាដូ ដែលជាអគ្គលេខាធិការសហព័ន្ធជាប្រធាន ចំពោះអនុគណៈកម្មការវិន័យមានសមាជិក ៣រូបមាន លោក ឯម ហៀង ជាប្រធាន។ សម្រាប់អនុគណៈកម្មការបច្ចេកទេសចំនួន ៩រូបមាន លោក មាស សុខគ្រី ជាប្រធាន។ ចំណែកអនុគណៈកម្មការគ្រូបង្វឹកមាន លោក ទេស សូរ ជាប្រធាន។ អនុគណៈកម្មការស្រាវជ្រាវ អភិរក្ស និងឃោសនាឱ្យផ្សព្វផ្សាយដែលមានសមាជិក ៩រូបនោះមាន លោកឧត្តមសេនីយ៍ រាជ សុផែន ជាប្រធាន។ អនុគណៈកម្មការហិរញ្ញវត្ថុដែលមានសមាជិក៤រូបនោះមាន អ្នកស្រី ប៉ឹង សំអាង ជាប្រធាន និងអនុគណៈកម្មការសង្គ្រោះដែលមានសមាជិក ៣រូបនោះមាន លោកគ្រូពេទ្យ ជឹម ផល្លា ជាប្រធាន។

ជាមួយគ្នានេះអង្គប្រជុំបានឯកភាពគ្នាលើការប្រមូលផ្ដុំកីឡាករថ្នាលដោយនៅក្នុងការជ្រើសរើសនោះត្រូវអញ្ជើញអាណាព្យាបាលរបស់ពួកគេមកជាមួយដើម្បីស្វែងរកការឯកភាពពីពួកគាត់ក្នុងការឲ្យកូនៗរបស់ពួកគាត់មកហ្វឹកហាត់រៀងរាល់ឆ្នាំ ព្រោះកីឡាករថ្នាល់សុទ្ធតែមានអាយុក្រោម ១៨ឆ្នាំហើយពួកគេកំពុងតែស្ថិតក្នុងបន្ទុករបស់អាណាព្យាបាល ហេតុនេះត្រូវតែមានការយល់ព្រមពីអាណាព្យាបាលផងដែរ។ ជាមួយគ្នានេះក៏ត្រូវមានការឯកភាពពីគ្រូបង្វឹក និងក្លិបរបស់ពួកគេដែល
កំពុងហ្វឹកហាត់ទៀតផង។

អង្គប្រជុំក៏បានកំណត់ដែរថា ម៉្យាងវិញទៀតកីឡាករថ្នាលមិនអាចឆ្នាំនេះជាមនុស្សផ្សេង ហើយឆ្នាំក្រោយមនុស្សផ្សេងនោះទេព្រោះជាកីឡាករត្រៀមសម្រាប់ឆ្នាំ២០២៣។ ចំពោះកីឡាជម្រើសជាតិគឺជារឿងផ្សេងព្រោះនរណាដណ្ដើមបានចំណាត់ថ្នាក់ក្នុងការប្រកួតជើងឯកជាតិអ្នកនោះត្រូវជាប់ជាជម្រើសជាតិតែម្តង៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់