សហព័ន្ធប្រដាល់សាកលកម្ពុជា ចាប់ដៃជាមួយក្លិបប្រដាល់ដ៏ធំមួយរបស់ជប៉ុន!

នូ មករា February 11, 2019


ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ កន្លងមក ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានការចុះអនុស្សារណៈយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ប្រដាល់សាកលកម្ពុជា និងក្លិបប្រដាល់សាកល Motohashi Boxing Gym របស់ជប៉ុនក្រោមអធិបតីរបស់ លោក វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជា និងលោក Motohashi Yukiharu ដែលជាប្រធានក្លិបប្រដាល់ Motohash iBoxing Gym ផ្ទាល់ដោយមាន លោក Yumi Susuki លេខាទី១ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចូលរួមផងដែរ។

សូមបញ្ជាក់ថា MOU នេះមានរយៈពេល ៥ឆ្នាំដោយកម្ពុជានឹងប្រើវាដើម្បីពង្រឹង សមត្ថភាពប្រដាល់សាកលកម្ពុជាសម្រាប់រយៈពេលវែងពោលគឺរហូតដល់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង ក្នុងនោះរួមមានការបណ្ដុះបណ្ដាលគ្រូបង្វឹក, ការបញ្ជូនអ្នកប្រដាល់ជប៉ុនមកប្រកួតសាកល្បងសមត្ថភាពជាមួយអ្នកប្រដាល់កម្ពុជា ក៏ដូចជាការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។

ជាមួយនឹងការចុះ MOU នេះដែរក្លិបប្រដាល់ Motohashi Boxing Gym ក៏បានផ្ដល់ប្រាក់ជាទ្រនាប់ដៃសម្រាប់ជួសជុលអគារប្រដាល់ និងសង្វៀនប្រដាល់សាកលចំនួន ២.០០០ដុល្លារព្រមទាំងសម្ភារៈហ្វឹកហាត់មួយចំនួនធំដល់សហព័ន្ធប្រដាល់សាកលកម្ពុជាទៀតផង៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់