ក្លិបតាព្រហ្មមានជ័យ សម្រេចបញ្ឈរជើងអ្នកប្រដាល់ មាជ សុខរ៉ា ដោយអះអាងថាមានបញ្ហាវិន័យ

នូ មករា February 5, 2019


ភ្នំពេញ៖ លោកមាស សុខគ្រី គ្រូបង្វឹក និងជាម្ចាស់ក្លិបប្រដាល់តាព្រហ្មមានជ័យបានប្រកាសថាលោកដាក់ទណ្ឌកម្មអ្នកប្រដាល់ មាជ សុខរ៉ា ដែលជាសិស្សរបស់លោកហើយដោយសារតែគេគ្មានវិន័យ។ លោក មាស សុខគ្រី បានឲ្យដឹងថាសិស្សរបស់លោករូបនេះដណ្ដើមបានខ្សែក្រវាត់មួយរបស់ភេសជ្ជៈ
Wurkz ពីការប្រកួតលើសង្វៀនអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២ធ្នូឆ្នាំ២០១៨ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ថៃ កេង កាត់ (Keng Kat) ដោយ សុខរ៉ា ដណ្ដើមបានជ័យជម្នះហើយក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន ២០.០០០.០០០រៀលតែម្តង។

 

យ៉ាងណាក៏ដោយ បន្ទាប់ពីដណ្ដើមបានខ្សែក្រវាត់រួចមកអ្នកប្រដាល់រូបនេះបានចំអកឲ្យ លោក មាស សុខគ្រី និងក្លិបទាំងមូលថាអ្វីដែលគេដណ្ដើមបាននេះមិនមាននរណាជួយឡើយគឺបានដោយសារញើសឈាមរបស់គេ និងការប្រឹងប្រែងរបស់គេជាមួយមិត្តភក្តិរបស់គេទាំងអស់។ លោក មាស សុខគ្ រីបានចាត់ទុកថានេះជាសំដីប្រមាទមើលងាយក្លិប មើលងាយលោក និងមិត្តរួមក្លិបដែលលោកមិនអាចទទួលយកបានឡើយ។ លោកបានទាំងហៅថា សុខរ៉ា ថាជាមនុស្សរមិលគុណហេតុនេះលោកត្រូវតែបញ្ឈរជើងគេមួយរយៈដើម្បីឲ្យគេមកសុំទោសលោក សុំទោសក្លិប និងមិត្តរួមក្លិបទាំងអស់ ហើយបើគេមិនហ៊ានសុំទោសទេនោះ
លោកនឹងបញ្ចប់អាជីពប្រដាល់របស់គេត្រឹមនេះហើយ។

គ្រូបង្វឹករូបនេះបានបន្ទោសថា រូបគេធ្លាប់សុំលោកទៅសមាគមប្រដាល់ក្រសួងការពារជាតិលោកក៏អនុញ្ញាតឲ្យទៅតែដោយសារនៅទីនោះអ្នកប្រដាល់រូបនេះគ្មានវិន័យទើបក្រសួងការពារជាតិបោះបង់ចោលហើយគេមកសំពះសុំលោកនៅជាមួយដោយសន្យាថានឹងធ្វើជាមនុស្សល្អហេតុនេះទើបលោកសម្រេចទទួលគេមកវិញនោះ។ពេលនេះអ្វីដែលជាការសន្យារបស់គេនោះគេមិនបានគោរពឡើយហើយថែមទាំងមើលងាយលោកទៀតផង ពេលនេះបើគ្មានការសុំទោសទេនោះលោកមិនទទួលយកគេមកវិញឡើយ។ សូមបញ្ជាក់ថា ចំពោះអ្នកប្រដាល់ មាជ សុខរ៉ា វិញគឺមិនអាចទាក់ទងបាននៅឡើយ៕
អត្ថបទ៖ វ៉ាន្នី
រូបភាព៖ VOD និង kramanews.org

មតិយោបល់