ជើងខ្លាំង រឿង សារ័ត្ន ត្រៀមតស៊ូជាមួយអ្នកប្រដាល់ថៃចំណូលថ្មីលើសង្វៀន SEA TV

នូ មករា February 1, 2019


ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងនៃក្លិបទ័ពឆ័ត្រយោង៩១១គឺ រឿង សារ័ត្ន បានត្រៀមខ្លួនរួចហើយដើម្បីតស៊ូជាមួយអ្នកប្រដាល់ថៃចំណូលថ្មី សឿ ពូន (Soeur Puon) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាមលើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី៣ ខែកុម្ភៈខាងមុខ។

តាមពិតទៅ សារ័ត្ន អវត្តមានពីសង្វៀនអាស៊ីអាគ្នេយ៍មួយរយៈហើយ ប៉ុន្តែសមត្ថភាពរបស់គេក៏មានការរីកចម្រើនគួសមដែរ ដោយគេជាអ្នកប្រដាល់ដែលមានសមត្ថភាពប្រើបានទាំងកែង កណ្ដាប់ដៃ ជង្គង់ និងទាត់ដើម្បីផ្ដួលគូប្រកួត មិនតែប៉ុណ្ណោះចិត្តគេក៏ហ៊ានខ្លាំងណាស់ដែរគ្រាន់តែភាពអំណត់របស់គេមិនសូវខ្ពស់ប៉ុណ្ណោះ។ រឿង សារ័ត្ន មានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ ៦៣ដង ចាញ់ ១៨ដង និងស្មើពិន្ទុ ៤ដង។ ចំពោះអ្នកប្រដាល់ថៃ សឿន ពូន វិញនេះគឺជាលើកដំបូងហើយដែលគេមកប្រកួតលើសង្វៀននៅស្រុកខ្មែរ ដូច្នេះមិនដឹងថាគេមានសមត្ថភាពប៉ុណ្ណានោះទេ ប៉ុន្តែមន្ត្រីខាងផ្គូរផ្គងបានបង្ហើបថារូបគេមិនអន់ទេ ហើយមានប្រវត្តិប្រកួតចំនួន ៧៣ដង ឈ្នះ ៦១ដង ចាញ់ ១២ដង។


ជាមួយគ្នានេះ កីឡាករ មាស សុជាតិ មកពីក្លិបឃ្លាំងមឿងកីឡានឹងប្រកួតជាមួយអ្នកប្រដាល់ជើងកន្ត្រៃហោះ ធា នុរាជ របស់ក្លិបម្កុដរាជសីហ៍ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។ នេះជាជំនួបរវាងជើងខ្លាំងដូចគ្នា ព្រោះ នុរាជ ពូកែប្រើជើងទាត់ និងប្រើស្នៀតនាគវ័ធកន្ទុយបានល្អហើយក៏រហ័សក្នុងការលោតទាត់ផ្កាប់ចានថែមទៀត ចំពោះ សុជាតិ វិញកែង និងកណ្ដាប់ដៃរបស់គេធ្ងន់ និងរហ័ស មិនតែប៉ុណ្ណោះគេមានស្បែកមុខស្វិតទៀតផង។ ដូច្នេះ ក្នុងជំនួបមួយនេះតើនរណាជាអ្នកឈ្នះ?
អត្ថបទ៖ វ៉ាន្នី

មតិយោបល់