ខ្សែក្រវាត់ Wurkz: លន បញ្ញា សង្ឃឹមឈ្នះ ចំណែឯ ធឿន ធី នៅស្រពិចស្រពិល

នូ មករា January 31, 2019


ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ Wurkz លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៣ ខែកុម្ភៈខាងមុខនេះអ្នកប្រដាល់ លន បញ្ញា មកពីសមាគមប្រដាល់ក្រសួងការពារជាតិសង្ឃឹមថានឹងបានទទួលជ័យជម្នះបន្តទៀតជាមិនខានឡើយ។ ក្នុងជំនួបលើកនេះរូបគេត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះសូភើ មែន (Supper Man) ដោយអ្នកប្រដាល់ទាំង២រូបនេះមួយប្រកួតដំបូងរបស់គេសុទ្ធតែបានទទួលជ័យជំនះដោយផ្ដួលគូប្រកួតបានមុនទឹកទី៥ដូចគ្នា។ សូភើ មែន គេផ្ដួលអ្នកប្រដាល់កម្ពុជា ធឿន ធី មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបនៅទឹកទី៤ រីឯបញ្ញាគេផ្ដួលអ្នកប្រដាល់ថៃ ឆៃ យ៉ (Chhai Yor)នៅទឹកទី៣។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ៤២ដង ឈ្នះ ៣៧ដង ចាញ់ ៣ដង និងស្មើពិន្ទុ ៥ដង ហើយគេជាអ្នកប្រដាល់មួយរូបដែលមានផ្លែវាយល្អទាំងព្រមតែម្ដង ដោយជង្គង់ កែង កណ្ដាប់ដៃ ទាត់គឺជាស្នៀតដែលគេប្រើយ៉ាងមានប្រសិទ្ធិភាពដើម្បីផ្ដួលគូប្រកួត។ ចំណែក ស៊ូភើ ក៏មែនមិនខ្សោយដែលទោះបីកែងរបស់គេមិនសូវអស្ចារ្យមែនប៉ុន្តែកណ្ដាប់ដៃ ជង្គង់ និងស្នៀតទាត់របស់គេមិនអាចមើលស្រាលបាននោះទេ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ៦៤ដង ឈ្នះ ៥០ដង ចាញ់ ១៣ដង និងស្មើពិន្ទុ ១ដង។ អ្នកប្រដាល់ដែលមិនទាន់ស្គាល់ចាញ់ទាំង២រូបនេះនឹងមានមួយរូបស្គាល់ចាញ់នៅក្នុងការប្រកួតនេះ ដូច្នេះ តើនរណាជាអ្នកចាញ់?

ចំពោះ ធឿន ធី វិញកាលពីការប្រកួតដំបូងរបស់គេជួបបរាជ័យដូចគូប្រកួត ឆៃ យ៉ ដែរ។ រូបគេមានប្រវត្តិប្រកួតចំនួន ៣៦ដង ឈ្នះ ៣០ដង ចាញ់ ៤ដង និស្មើពិន្ទុ២ដង។ អ្នកប្រដាល់រូបនេះធ្លាប់ដួលសន្លប់នៅទឹកទី៤ ដោយសារ ស៊ូភើ មែន រីឯ ឆៃ យ៉ វិញគេក៏សន្លប់នៅទឹកទី៣ដោយសារ លន បញ្ញា ដែរ។ ឆៃ យ៉ មានប្រវត្តិប្រកួតចំនួន ៧៦ដង ឈ្នះ ៥៧ដង ចាញ់ ១៩ដង។ សម្រាប់ការប្រកួតនេះពួកគេសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាប៉ុន្តែមិនដឹងថានរណាជួបសំណាងល្អនោះឡើយ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់