TV5 Boxing Knock-Out: អ្នកប្រដាល់ ២រូបទៀតត្រូវខ្ទាតចេញបាត់ហើយ!

នូ មករា January 14, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Series by K-Cement បានបញ្ចប់វគ្គជម្រុះជុំទី២ហើយកាលពីយប់ថ្ងៃទី១២ ខែមករាកន្លងមកថ្មីៗនេះ ខណៈដែលនៅក្នុងវគ្គជម្រុះជុំទី២នេះមានអ្នកប្រដាល់ចំនួន១៦រូបដែលសុទ្ធតែជាអ្នកឈ្នះក្នុងវគ្គជម្រុះជុំទី១ ។ ឥឡូវនេះនៅជុំទី២បានបញ្ចប់ហើយៗនៅសល់សុទ្ធតែជើងខ្លាំងៗចំនួន៨រូបដើម្បីឡើងទៅប្រកួតជម្រុះជុំទី៣បន្តទៀត ចំណែកអ្នកឈ្នះនៅជុំទី៣ចំនួន៤រូបនឹងត្រូវឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្តទៀត។

 

ក្នុងការប្រកួតចុងក្រោយនៃជុំទី២នេះអ្នកប្រដាល់មកពីខេត្តបាត់ដំបង គួន ប៊ុនហ៊ីម របស់ក្លិបពន្លឺសាមគ្គីបានយកឈ្នះដាច់លើអ្នកប្រដាល់ ជា ចំរើន របស់ក្លិបអេភូថងកីឡា ដូច្នេះ ប៊ុនហ៊ីម មានកៅអីសម្រាប់ប្រកួតជម្រុះជុំទី៣ រីឯ ជា ចំរើន ត្រូវចប់បេសកកម្មត្រឹមនេះ។ ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ ជ័យ ប៊ុនសង់ មកពីក្លិបគីសែមានរិទ្ធត្រូវបានដាក់ឲ្យប្រកួតកំដររោងជាមួយអ្នកប្រដាល់ យ៉ន ពិសី របស់ក្លិបសាលវ័ន្តកីឡាដោយប្រកួតជាមិត្តភាព។ ការប្រកួតនេះទោះបីប៊ុនសង់ឈ្នះក៏តម្រូវឲ្យចាញ់ដែរព្រោះមិនចេះថែរក្សាទម្ងន់ខ្លួនឯង ចំណែកឯ យ៉ន ពិសី គេមិនបាច់ខ្វល់ឡើយព្រោះថាទោះចាញ់ ឬ ឈ្នះក៏គេមានកៅអីសម្រាប់ជុំទី៣ដែរ។

ចំពោះការប្រកួតជាមិត្តភាពជាមួយថៃវិញនោះ សុខ សាវិន មកពីក្លិបឆ្មាសសែនសុខបានយកឈ្នះអ្នកប្រដាល់ថៃ ឈាង រ៉ៃ (Chheang Ray) នៅទឹកទី៤ដោយអាជ្ញាកណ្ដាលបញ្ឈប់។ អ្នកប្រដាល់ថៃរូបនេះត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី៣ចំនួន២លើក និងទឹកទី៤មួយលើកទៀតទើបអាជ្ញាកណ្ដាលបញ្ឈប់ដោយសារតែអសមត្ថភាព។ ចំណែកការប្រកួតជាមិត្តភាពរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះ ណាម ម៉ូរ៉ាក់ មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងត្រូវបាន សុខ សុវណ្ណ របស់ក្លិបកងពលធំអន្តរាគមន៍លេខ២ទាត់ផ្កាប់ចានឲ្យសន្លប់នៅទឹកទី៥៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់