អ្នកប្រដាល់គុនខ្មែរ ២រូបត្រូវតស៊ូជាមួយជើងខ្លាំងមកពីអុីរ៉ង់ និងឡាវ

នូ មករា January 10, 2019


ភ្នំពេញ៖ នៅលើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី១២ ខែមករា ខាងមុខអ្នកប្រដាល់កម្ពុជា ម៉ឺន មេឃា មកពីសមាគមប្រដាល់ក្រសួងការពារជាតិដែលជាកូនប្រុសរបស់ លោក អេ ភូថង នោះនឹងត្រូវតស៊ូជាមួយអ្នកប្រដាល់អ៊ីរ៉ង់ រ៉េហ្សា ឌីវស៊ូរ៉ាទី (Reza Divsourati) ក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម។ តាមពិតទៅ កីឡាករកម្ពុជាវ័យក្មេងរូបនេះមិនសូវមានឱកាសប្រកួតជាមួយអ្នកប្រដាល់បរទេសច្រើនទេ ប៉ុន្តែរាល់ការប្រកួតរបស់គេជាមួយបរទេសភាគច្រើនបានទទួលជ័យម្នះ ព្រោះរូបគេមានស្នៀតកណ្ដាប់ដៃល្អធ្ងន់ រហ័ស ប៉ុន្តែហាក់ដូចជាឆាប់ហត់ និងមិនសូវពូកែជង្គង់ណាស់ណាទេ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៣០ដង ឈ្នះ២៦ដង និងចាញ់៤ដង។

ចំពោះអ្នកប្រដាល់អ៊ីរ៉ង់ រ៉េហ្សា ឌីវស៊ូរ៉ាទី វិញទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ដោយចំណាយពេលហ្វឹកហាត់នៅក្លឹបមួយក្នុងស្រុកថៃហើយមិនមាននរណាដឹងថាគេខ្សោយឬខ្លាំងនោះដែរ ប៉ុន្តែកន្លងមកអ្នកប្រដាល់អ៊ីរ៉ង់ដែលមកប្រកួតនៅស្រុកខ្មែរច្រើនតែមានសមត្ថភាពគ្រាន់បើ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន១៧ដង ឈ្នះ ១៤ដង និងចាញ់៣ដង។

ចំពោះ រឿង សារ័ត្ន មកពីក្លិបទ័ពឆ័ត្រយោង៩១១ ដែលបានបាត់មុខពីសង្វៀនអាស៊ីអាគ្នេយ៍មួយរយៈនោះបានបង្ហាញខ្លួនឡើងវិញដើម្បីប្រកួតជាមួយអ្នកប្រដាល់ឡាវ ថាវ ថាំងឌី (Thav Thangdy) គេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។ គួរំលឹកថា មុនបាត់មុខ សារ័ត្ន បានជួបបរាជ័យលើសង្វៀនផ្ទួនៗពេកទើបអ្នកផ្គូរផ្គងរារែកចិត្តក្នុងការបញ្ចូលឈ្មោះរបស់គេទៅក្នុងបញ្ជីចាប់គូនោះ ។ យ៉ាងណាក៏ដោយ អ្នកប្រដាល់រូបនេះតែងធ្វើបានល្អជាមួយគូប្រកួតរួមជាតិ ប៉ុន្តែពេលជួបជាមួយអ្នកប្រដាល់បរទេសរូបគេហាក់ដូចជាវាយបែបខ្លាចគូប្រកួតទៅវិញ។ សារ័ត្ន មានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦២ដង ចាញ់១៨ដង និងស្មើ៤ដង។ ចំពោះអ្នកប្រដាល់ឡាវ ថាវ ថាំងឌី វិញនេះគឺជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ប៉ុន្តែមានកំណត់ត្រាប្រកួតដ៏ល្អពោលគឺក្នុងចំណោមប្រកួត៥៤ដង ឈ្នះ៥០ដង និងចាញ់៤ដងប៉ុណ្ណោះ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់