លោកគ្រូ ហ៊ុន ចន្ទរាជ្យ ប្រកាសរកកីឡាករគុនខ្មែរទម្ងន់ ៦១Kg ទៅប្រកួតក្រៅប្រទេស!

នូ មករា January 4, 2019


ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ម្ចាស់ក្លឹបប្រដាល់ MMA ដែលគេស្គាល់ឈ្មោះថា Cambodian Top Team លោក ហ៊ុន ចន្ទរាជ្យ បានប្រកាសស្វែងរកកីឡាករគុនខ្មែរទម្ងន់ ៦១គីឡូក្រោមដើម្បីចេញទៅប្រកួតនៅក្រៅប្រទេសក្នុងព្រឹត្តិការណ៍ប្រកួតមួយដែលត្រូវតំណាងឱ្យជាតិកម្ពុជា។ បើតាមលោក ហ៊ុន ចន្ទរាជ្យ បានផ្ដល់បទសម្ភាសន៍ឱ្យ Camsports តាមទូរស័ព្ទនារសៀលនេះថា៖ “ខ្ញុំពិតជាបានប្រកាសតាមទំព័រ Facebook របស់ក្លឹបមែនកាលពីយប់មិញនេះ ហើយខ្ញុំបាន Live Facebook បន្ថែមទៀតនាមុននេះបន្តិចដើម្បីស្វែងរកបន្ថែមទៀតព្រោះការប្រកួតយើងកំពុងតែខិតចូលមកដល់ក្នុងខែក្រោយនេះហើយ។”

លោកបន្តថា៖ “គិតត្រឹមរសៀលនេះ យើងបានរកឃើញកីឡាករម្នាក់ហើយដែលមានសមត្ថភាពក្នុងទម្ងន់ ៦១គីឡូក្រោមហើយ តែខ្ញុំមិនទាន់អាចបញ្ចេញឈ្មោះ កីឡាកររូបនេះបាននៅឡើយទេ ដោយសារតែខ្ញុំត្រូវបញ្ជូនឈ្មោះទៅគណៈកម្មការដើម្បីចុះកុងត្រារួចរាល់ហើយសិនបានខ្ញុំចាប់ផ្ដើមប្រកាសព័ត៌មាន ពីការប្រកួតមួយនេះផ្លូវការ។”

ជាមួយគ្នានេះផងដែរ នៅក្នុងការLive Facebook មុននេះ លោក ហ៊ុន ច័ន្ទរាជ បានបញ្ជាក់ថា លោកស្វាគមន៍កីឡាករប្រដាល់គុនខ្មែរទាំងអស់ដែលមានសមត្ថភាព និងគីឡូត្រឹម៦១ មកធ្វើតេស្តដើម្បីចូលរួមប្រកួតឲ្យតែពួកគេមានបំណងពិតមែន។ បើតាមអ្នកស្នេហាវិស័យកីឡាគុនខ្មែរ និង MMA បាន Comment នៅក្នុងទំព័រផេកក្លឹប Cambodian Top Team ដោយបានស្នើឱ្យ លោក ហ៊ុន ច័ន្ទរាជ ជ្រើសរើសយកកីឡាករមួយចំនួនដូចជា ឡៅ ចិត្រា, ចាន់ ប៊ុនហឿន, សូត្រ ប៊ុនធី, ផល សោភ័ណ្ឌ ជាដើមប៉ុន្តែកីឡាករដែលមានការពេញចិត្តច្រើនលើសលប់ជាងគេគឺ ឡៅ ចិត្រា និង ចាន់ ប៊ុនហឿន។ យ៉ាងណាក៏ដោយ លោកនៅតែបញ្ជាក់បន្ថែមថា ខ្ញុំក៏ចង់បានដែរតែសំខាន់ពួកគាត់ចង់ទៅឬអត់?៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់