ក្រោយឈ្នះនៅថ្ងៃឆ្លងឆ្នាំ ឡុង សុភី បន្តជួបជើងខ្លាំងថៃ ស្អែកនេះ!

នូ មករា January 4, 2019


ភ្នំពេញ៖ អ្នកប្រដាល់ នី សុភី ដែលគេស្គាល់ជាទូទៅថា ឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡានោះនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ ណុង អ៊ូ (Nong Ou) លើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍នៅព្រឹកថ្ងៃទី៦ ខែមករាស្អែកនេះ។ អ្នកប្រដាល់ទម្ងន់៦៩គីឡូក្រាមរបស់កម្ពុជារូបនេះតែងវាយដោយប្រយ័ត្នខ្លាំងណាស់ព្រោះគេមិនចង់ឈឺសាច់ច្រើននោះទេ ហើយប្រសិនបើមានឱកាសអាចផ្ដួលគូប្រកួតបានគេនឹងផ្ដួលភ្លាមតែបើមិនអាចធ្វើស៊ីបានទេនោះគេនឹងតាមវាយតាមរបៀបធម្មតាដោយប្រើជើងរារាំងគូប្រកួតមិនឲ្យចូលកៀកខ្លួនបានឡើយ។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ សុភី តែងតែដណ្តើមបានជ័យជម្នះលើគូប្រកួតបានមុនទឹកទី៥ ។ កីឡាករនេះរូបមានប្រវត្តិប្រកួតចំនួន ១៥៦ដង ឈ្នះ១១៨ដង ចាញ់២៨ដង និងស្មើពិន្ទុ ១០ដង ហើយស្នៀតជ្រមុជក្បាលវាយកែងរបស់ សុភី តែងប្រើបានជោគជ័យណាស់ ចំណែឯកែងរបស់គេកាន់តែមិនអាចមើលស្រាលបានទៀតផង។ ចំពោះ ណុង អ៊ូ វិញក៏មិនមែនជាអ្នកប្រដាល់ដែលខ្សោយនោះដែរ ពោលគឺគេមានឈ្មោះបោះសំឡេងគ្រាន់បើនៅស្រុកថៃហើយបានចូលរួមក្នុងព្រឹត្តិការណ៍ធំៗជាច្រើន។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៤ដង ចាញ់១១៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់